ល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្នុងសណ្ឋាគារ និងកាស៊ីណូយីហោ”KMH” ក្រុងប៉ោយប៉ែត កំពុងបើកដំណើរការយ៉ាងរលូន​គ្មានអាជ្ញាធរណាហ៊ានបង្រ្កាប​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ បច្ចុប្បន្ន​នេះយើសង្កេត​ឃើញថា​ ទីតាំង​ល្បែងស៊ីសងអនឡាញខុសច្បាប់​ជាច្រើន​កន្លែង​ដែល​កំពុង​បើកដំណើរការយ៉ាងរលូន​ស្ទើតែពេញក្រុង​ប៉ោយប៉ែត​ទៅហើយ​ ដោយគ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្រ្កាប​ទីតាំង​ទាំងអស់នោះឡើយ ខណៈ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងប៉ោយប៉ែត​សង្ស័យ​ថា​ អាចជាឆ្នាំងបាយ​របស់​សមត្ថកិច្ច​មូលដ្ឋាន​ ទើបគ្មានការ​បង្រ្កាប​បែបនេះ​។

ជាក់ស្ដែង​យោង​តាម​សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅ​ក្នុងក្រុង​ប៉ោយប៉ែត​ បាននាំគ្នា​លើកឡើងថា​ បច្ចុប្បន្ន​នេះគាត់ពួកឃើញទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង​ ស្ថិត​នៅក្នុងសណ្ឋាគារ និងកាស៊ីណូយីហោ” KMH” គឺស្ថិត​នៅខាងកើតវត្ត ស្រះត្រាច ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនបរទេសចម្រុះជាតិសាសន៍ មានដូចជា៖ ថៃ ឥណ្ឌូនេស៊ី និង ចិន បាននាំក្រុមបក្ខពួករបស់ពួកគេចូលមករស់នៅក្នុងក្រុងប៉ោយប៉ែត ដោយមានអ្នកខ្លះឆ្លងដែនមានច្បាប់ត្រឹមត្រូវ និងអ្នកខ្លះទៀត​ក៏បានលួចចូលឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន) បាននឹងកំពុងលួចសង្ងំលាក់ខ្លួនក្នុងអគារមួយនេះ ដោយយកទីតាំងធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់។

សេចក្តី​រាយការណ៍​ដដែល​បន្តថា​ ការចូលទៅលេងល្បែងស៊ីសងអនឡាញខុសច្បាប់​មួយនេះ គឺមានមេក្រុម ឬមេក្លោង របស់ពួកគេជាអ្នកដើរតួរក្នុងការជួលអគារពីប្រជាពលរដ្ឋខ្មែរក្រោមលេសដើម្បីស្នាក់នៅ ក្នុងការប្រកបមុខរបររកសុី និងធ្វើជាបុគ្គលិកកាសុីណូជាដើម។ ក៏ប៉ុន្តែនៅតាមអាគារមួយចំនួន ដែលជនបរទេសបានជួលពីពលរដ្ឋខ្មែរ ក្រោមកិច្ចសន្យាថា ជួលដើម្បីស្នាក់នៅ​ បែរជាជនបរទេសទាំងនោះ​ យកមកលួចសង្ងំបង្កើតជា ជម្រកបទល្មើសបើកល្បែងអនឡាញខុសច្បាប់(ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ។ ទាំង​នេះហើយ​ ដែលជាសកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយច្បាស់អគារ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពលរដ្ឋបន្តថា ក្នុងរូបភាពនេះគឺស្ថិតនៅជាន់ទី១០ នៃអគារ” KMH”​ នេះហើយ​ គឺជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស និងមានតាមជាន់ផ្សេងៗនៃអគារនេះទៀតផងដែរ។ ក្រៅពីនេះនៅមានជាច្រើនកន្លែងទៀត ដែលជនបរទេសទាំងនោះ ក៏នឹងកំពុងសង្ងំលាក់ខ្លួនជួលអាគារពីពលរដ្ឋខ្មែរស្នាក់នៅ បែរជាមកលួចបង្កប់បទល្មើសបើកល្បែងអនឡាញខុសច្បាប់ផងដែរ។

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងប៉ោយប៉ែត​ បានសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ មេត្តាចុះត្រួតពិនិត្យ​ទីតាំង​ខាងលេីនេះ​ ក៏ដូចជា​អាគារ​ផ្សេង​ទៀត​ដែល​កំពុង​ជួយឱ្យ​ជនបរទេស​មួយចំនួន​ដែលកំពុង​ឆ្លៀតឱកាស បំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ក្រោមរូបភាព មកជួលអគារស្នាក់នៅ ដើម្បីធ្វើជំនួញ ឬមកបំរើជាបុគ្គលិក ក្នុងកាសុីណូ ក្នុងក្រុងប៉ោយប៉ែត តែបែរជា ពួកគេ កៀងគរបក្ខពួកមកសង្ងំបង្កើតបទល្មើសអនឡាញខុសច្បាប់ទៅវិញ ។

ជុំវិញករណីនេះដែរ​ លោក ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត​ បានប្រាប់អង្គភាព​ការសែតនគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ គ្រាន់តែ​លឺគេថា​ តៗគ្នាទេអី​ ចាំប្អូនសួរទៅអ្នកនាំពាក្យវិញ។

ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ​ ក៏បានឱ្យដឹងតាមរយៈទូរស័ព្ទបានត្រឹមតែនិយាយថា៖​ បានហើយ​ រួចបិទ​ទូរស័ព្ទ​បាត់ទៅ។

ជាមួយគ្នានេះ​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានថ្លែង​តាមរយៈទូរស័ព្ទ​ដែរថា៖​ គាត់​រវល់​ប្រជុំ​សិន​ រួចបិទ​ទូរស័ព្ទ​បាត់ទៅ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​កំពុង​បេីកលេង​យ៉ាង​រំភើយទាំងយប់ថ្ងៃ​ គឺ២៤ម៉ោង​លើ២៤ម៉ោង​ ដោយមិនខ្វល់ពី​ការបង្រ្កាបរបស់ក្រុមកងកម្លាំង​មានសមត្ថកិច្ច​ និងមិនព្រម​អនុវត្ត​ទៅនឹង​ប្រសាសន៍​រាជរដ្ឋាភិបាល​ ដែលបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ស្រុក-ក្រុង​ និងខេត្ត​ ទាំងអស់ត្រូវតែចុះបង្ក្រាបទីតាំងបនល្បែងស៉ីសងខុសច្បាប់​គ្រប់ប្រភេទ ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរគ្រឿងញៀន​ និងមនុស្សគ្រប់ទម្រង់។

សូមជម្រាបថា​ ក្នុងករណីដែលអាជ្ញាធរមូលដ្ឋានមិនបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យចំនួន​ ៤ចំណុចទៅលើអាជ្ញាធរ​ មានដូចជា៖
១- មិនដឹងទើបមិនបង្ក្រាប
២- មកពីម្ចាស់ទីតាំងខ្សែរធំមិនហ៊ានប៉ះ
៣- មកពីទីតាំងទាំងនោះជាឆ្នាំងបាយប្រចាំខែ
៤- អាចមានចេតនាមិនអនុវត្តតាមយន្តការគោលយោបាយភូមិ/សង្កាត់មានសុវត្តិភាពរបស់ទាំង៩ចំណុច ដែលរដ្ឋាភិបាលដាក់ជូនអាជ្ញាធរដែនដីអនុវត្ត។

គួររម្លឹកដែរថា​ កាលពីកន្លងទៅនេះ​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ ធ្លាប់បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានអង្គភាព ,ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ​ ដូចជា​ ល្បែងស៊ីសងខុសច្បាប់​ ការជួញដូរ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់​ ជាពិសេស​គ្រឿងញៀន​ សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ក្រោមម្លប់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print