ខេត្តបន្ទាយមានជ័យ៖ បច្ចុប្បន្ននេះយើសង្កេតឃើញថា ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ជាច្រើនកន្លែងដែលកំពុងបើកដំណើរការយ៉ាងរលូនស្ទើតែពេញក្រុងប៉ោយប៉ែតទៅហើយ ដោយគ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្រ្កាបទីតាំងទាំងអស់នោះឡើយ ខណៈប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតសង្ស័យថា អាចជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋាន ទើបគ្មានការបង្រ្កាបបែបនេះ។
ជាក់ស្ដែងយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត បាននាំគ្នាលើកឡើងថា បច្ចុប្បន្ននេះគាត់ពួកឃើញទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងសណ្ឋាគារ និងកាស៊ីណូយីហោ” KMH” គឺស្ថិតនៅខាងកើតវត្ត ស្រះត្រាច ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនបរទេសចម្រុះជាតិសាសន៍ មានដូចជា៖ ថៃ ឥណ្ឌូនេស៊ី និង ចិន បាននាំក្រុមបក្ខពួករបស់ពួកគេចូលមករស់នៅក្នុងក្រុងប៉ោយប៉ែត ដោយមានអ្នកខ្លះឆ្លងដែនមានច្បាប់ត្រឹមត្រូវ និងអ្នកខ្លះទៀតក៏បានលួចចូលឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន) បាននឹងកំពុងលួចសង្ងំលាក់ខ្លួនក្នុងអគារមួយនេះ ដោយយកទីតាំងធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់។
សេចក្តីរាយការណ៍ដដែលបន្តថា ការចូលទៅលេងល្បែងស៊ីសងអនឡាញខុសច្បាប់មួយនេះ គឺមានមេក្រុម ឬមេក្លោង របស់ពួកគេជាអ្នកដើរតួរក្នុងការជួលអគារពីប្រជាពលរដ្ឋខ្មែរក្រោមលេសដើម្បីស្នាក់នៅ ក្នុងការប្រកបមុខរបររកសុី និងធ្វើជាបុគ្គលិកកាសុីណូជាដើម។ ក៏ប៉ុន្តែនៅតាមអាគារមួយចំនួន ដែលជនបរទេសបានជួលពីពលរដ្ឋខ្មែរ ក្រោមកិច្ចសន្យាថា ជួលដើម្បីស្នាក់នៅ បែរជាជនបរទេសទាំងនោះ យកមកលួចសង្ងំបង្កើតជា ជម្រកបទល្មើសបើកល្បែងអនឡាញខុសច្បាប់(ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ។ ទាំងនេះហើយ ដែលជាសកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយច្បាស់អគារ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពលរដ្ឋបន្តថា ក្នុងរូបភាពនេះគឺស្ថិតនៅជាន់ទី១០ នៃអគារ” KMH” នេះហើយ គឺជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស និងមានតាមជាន់ផ្សេងៗនៃអគារនេះទៀតផងដែរ។ ក្រៅពីនេះនៅមានជាច្រើនកន្លែងទៀត ដែលជនបរទេសទាំងនោះ ក៏នឹងកំពុងសង្ងំលាក់ខ្លួនជួលអាគារពីពលរដ្ឋខ្មែរស្នាក់នៅ បែរជាមកលួចបង្កប់បទល្មើសបើកល្បែងអនឡាញខុសច្បាប់ផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យទាំងអស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យទីតាំងខាងលេីនេះ ក៏ដូចជាអាគារផ្សេងទៀតដែលកំពុងជួយឱ្យជនបរទេសមួយចំនួនដែលកំពុងឆ្លៀតឱកាស បំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ក្រោមរូបភាព មកជួលអគារស្នាក់នៅ ដើម្បីធ្វើជំនួញ ឬមកបំរើជាបុគ្គលិក ក្នុងកាសុីណូ ក្នុងក្រុងប៉ោយប៉ែត តែបែរជា ពួកគេ កៀងគរបក្ខពួកមកសង្ងំបង្កើតបទល្មើសអនឡាញខុសច្បាប់ទៅវិញ ។
ជុំវិញករណីនេះដែរ លោក ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់អង្គភាពការសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ គ្រាន់តែលឺគេថា តៗគ្នាទេអី ចាំប្អូនសួរទៅអ្នកនាំពាក្យវិញ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងតាមរយៈទូរស័ព្ទបានត្រឹមតែនិយាយថា៖ បានហើយ រួចបិទទូរស័ព្ទបាត់ទៅ។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈទូរស័ព្ទដែរថា៖ គាត់រវល់ប្រជុំសិន រួចបិទទូរស័ព្ទបាត់ទៅ។
គួរបញ្ជាក់ថា បច្ចុប្បន្នកំពុងបេីកលេងយ៉ាងរំភើយទាំងយប់ថ្ងៃ គឺ២៤ម៉ោងលើ២៤ម៉ោង ដោយមិនខ្វល់ពីការបង្រ្កាបរបស់ក្រុមកងកម្លាំងមានសមត្ថកិច្ច និងមិនព្រមអនុវត្តទៅនឹងប្រសាសន៍រាជរដ្ឋាភិបាល ដែលបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ស្រុក-ក្រុង និងខេត្ត ទាំងអស់ត្រូវតែចុះបង្ក្រាបទីតាំងបនល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរគ្រឿងញៀន និងមនុស្សគ្រប់ទម្រង់។
សូមជម្រាបថា ក្នុងករណីដែលអាជ្ញាធរមូលដ្ឋានមិនបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យចំនួន ៤ចំណុចទៅលើអាជ្ញាធរ មានដូចជា៖
១- មិនដឹងទើបមិនបង្ក្រាប
២- មកពីម្ចាស់ទីតាំងខ្សែរធំមិនហ៊ានប៉ះ
៣- មកពីទីតាំងទាំងនោះជាឆ្នាំងបាយប្រចាំខែ
៤- អាចមានចេតនាមិនអនុវត្តតាមយន្តការគោលយោបាយភូមិ/សង្កាត់មានសុវត្តិភាពរបស់ទាំង៩ចំណុច ដែលរដ្ឋាភិបាលដាក់ជូនអាជ្ញាធរដែនដីអនុវត្ត។
គួររម្លឹកដែរថា កាលពីកន្លងទៅនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្លាប់បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានអង្គភាព ,ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេសគ្រឿងញៀន សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ក្រោមម្លប់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖តារា