ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើងនៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងអបអរសាទរចំពោះនិស្សិត និងក្រុមគ្រួសារនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សានាពេលនេះ ដោយការបញ្ចប់នៃការសិក្សានេះ គឺជាផ្នែកមួយដែលបានកើតចេញពីប្រទេសមានសុខសន្តិភាពផងដែរ។
-សម្តេចធិបតី ថ្លែងជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។
-សម្ដេចធិបតី ថ្លែងថា កុំព្យូទ័រអាចពូកែ ឆ្លាតវ័យបែបណាក៏ដោយ ក៏កើតឡើងដោយសារមនុស្សអ្នកបង្កើតដែរ។ ចំណែកមនុស្សគឺមានការវិវឌ្ឍជាប្រចាំថ្ងៃ ដូច្នេះការរីកចម្រើនរបស់មនុស្សយើងមិនអាចស្មានដល់បានឡើយ ប៉ុន្ដែបច្ចេកវិទ្យាអាចមានកំណត់។
-សម្តេចធិបតី ថ្លែងថា ធនធានមនុស្ស ជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសអាចអភិវវឌ្ឍរីកចម្រើន ដោយនិរន្តភាព និងចីរភាព។ សម្ដេចបញ្ជាក់ថា សម្ភារៈ និងឧបករណ៍ ទោះបីឆ្លាតបែបណាក៏ដោយ ក៏មិនអាចអភិវឌ្ឍខ្លួនឯងបានដែរ ប៉ុន្តែមនុស្សអាចវិវត្តន៍ជាប្រចាំ។
-សម្ដេចធិបតី ថ្លែងថា ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង។
-សម្ដេចធិបតី ថ្លែងថា កូនអ្នកជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព។ ប៉ុន្ដែកូនអ្នកមានជីវភាពខ្វះខាត កូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង។
-សម្ដេចធិបតី ថ្លែងរម្លឹកថា ដោយសារធនធានមនុស្សយើងមានសមត្ថភាព នាអំឡុងពេលវិបត្តិកូវីដ-១៩ យើងមានគ្រូពេទ្យ (ទ័ពអាវស) ទើបយើងអាចជួយដោះស្រាយបញ្ហាកាលនោះបានទាន់ពេលវេលា និងអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន។ ពីព្រោះក្នុងកាលទេសនោះ គឺយើងមិនអាចទៅពឹងគ្រូពេទ្យពីប្រទេសដទៃបានទេ។
-សម្ដេចធិបតី ថ្លែងថា ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា។ ខ្ញុំរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ។
-សម្ដេចធិបតី ថ្លែងថា ខ្ញុំជួប ខ្ញុំឃើញ មនុស្សជាច្រើន ឆាប់បោះបង់ពេក ទាំងការរៀនសូត្រ ការងារ និងរកស៊ី។ ឧទាហរណ៍ យើងរៀននៅមហាវិទ្យាល័យ បើយើងប្រឡងធ្លាក់មួយមុខវិជ្ជា គឺយើងមិនអាចបោះបង់ការសិក្សាទាំងស្រុងនោះទេ។ សម្ដេចធិបតីបន្តថា ការអំណត់ តស៊ូ ព្យាយាម នឹងធ្វើឱ្យយើងរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា ធនធានមនុស្សរបស់យើង គឺត្រូវធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្សដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមកនៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន។
សូមជម្រាបជូនថា និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ នារី ៣៣នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ នារី ២៣៥នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ នារី ៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ និងឆ្នាំសិក្សា២០២២-២០២៣។
សាកលវិទ្យាល័យលីមកុកវីង គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញមួយនៅកម្ពុជា បណ្តុះបណ្តាលលើជំនាញស្ថាបត្យកម្ម និងរចនាផ្ទៃក្នុង ជំនាញច្នៃម៉ូដសម្លៀកបំពាក់ និងរចនាក្រាហ្វិក ជំនាញវិស្វកម្មសូហ្វវែរ និងជំនាញគ្រប់គ្រងពាណិជ្ជកម្មជាដើម។ ចាប់ពីឆ្នាំសិក្សា២០០៧-២០០៨ ដល់ឆ្នាំសិក្សា២០២២-២០២៣ និស្សិត បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលីមកុកវីងនៅកម្ពុជា មានចំនួនសរុបចំនួន ១,៥២៥នាក់ នារី ៧១១នាក់។
ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យលីមកុកវីង មានចំនួនសរុប ១,៦២៨នាក់ នារី ៧៨៦នាក់។
សូមបញ្ជាក់ថាណ សាកលវិទ្យាល័យលីមកុកវីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងមានសាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍។
សាកលវិទ្យាល័យ លីមកុកវីង មានមហាវិទ្យាល័យចំនួន៥ រួមមាន៖ ១) មហាវិទ្យាល័យស្ថាបត្យកម្ម និងការរចនា, ២) មហាវិទ្យាល័យសិល្បៈ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត, ៣) មហាវិទ្យាល័យគនិតសាស្រ្ត និងមនុស្សសាស្រ្ត, ៤) មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងទំនាក់ទំនងអន្តរជាតិ និង៥) មហាវិទ្យល័យគ្រប់គ្រងពាណិជ្ជកម្ម៕ដោយ៖តារា