រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅស្រុកពាមជរ

ចែករំលែក៖

ខេត្តព្រៃវែង÷នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹម តាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នាដែរលោករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងមានចំណាប់អារម្មណ៍ផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយ តបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។ 

បើតាមលោករដ្ឋមន្ត្រី ការចូលរួមថែរក្សាពូជត្រីជិតផុត ពូជទាំងនេះឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សាគឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេក ទេស គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត។

ទន្ទឹមនឹងការអភិរក្សនិងបង្កាត់ពូជបន្ថែមលោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការពន្យល់ អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថា សព្វថ្ងៃនេះ ការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឱ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាង ណាឱ្យពូជត្រីកម្រនេះមានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែតថា”ទីណាមានទឹក ទីនោះមានត្រី”។  

សូមជម្រាបជូនថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print