នគរបាលឡោមព័ទ្ធឃាត់ជនសង្ស័យម្នាក់លួចម៉ូតូប្រជាពលរដ្ឋស្រុកឆែប តាមចាប់ឃាត់បាននៅក្រុងព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ÷ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារសហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រដេញនិងបើកការឡោមព័ទ្ធ ស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅក្នុងស្រុកឆែប ហើយតាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខតារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ លោកវីរៈសេនីយ៍ឯក គង់ គា បានឲ្យដឹងថា ពិតជាមានករណីចោរកម្មលួចម៉ូតូ ១ គ្រឿង ដែលប្រជាពលរដ្ឋចតទុកនៅមុខផ្ទះ នាវេលាម៉ោង ៦និង ៤០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិឆែបលិចឃុំឆែប១ស្រុកឆែប ខេត្តព្រះវិហារ។ ក្រោយហេតុការណ៍នោះ លោកឧត្តម សេនីយ៍ទោ សួស សុខតារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ចេញបញ្ជាដោយផ្ទាល់ ដល់កម្លាំងអធិការដ្ឋាននគរបាលទាំង ៧ ក្រុង-ស្រុកសហការរួមគ្នា ជាពិសេសកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ត្រូវប្រដេញ និងបង្ក្រាប ដើម្បីចាប់ខ្លួនឲ្យខាងតែបានជាដាច់ខាត ។

លោកវីរៈសេនីយ៍ឯករ គង់ គា បានបន្តឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីស្រុកឆែប ហើយបានបន្តចូលមកក្នុងដែនដីក្រុងព្រះវិហារ ដោយសារកម្លាំងសមត្ថកិច្ចបានប្រដេញយ៉ាងប្រកៀកប្រកិត ពេល នោះ ជូនសង្ស័យបានជិះម៉ូតូចូលក្នុងផ្ទៃដីបឹង និងបានរុញម៉ូតូផ្ដួលចោល រួចរត់គេចខ្លួនចូលទៅក្នុងបឹងឈូក ( ស្រះឈូក ) ដើម្បីលាក់ខ្លួននៅទីនោះ ខណៈនោះ កម្លាំងសមត្ថកិច្ចបានបើកការឡោមព័ទ្ធដោយប្រើពេលអស់ប្រមាណជា ១ ម៉ោង ដើម្បីចុះរុករកនិងឃាត់ខ្លួនជនសង្ស័យបាននៅក្នុងទឹកបឹងនាម៉ោង ៩និង១០ នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចស្រះឈូកស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោកវីរៈសេនីយ៍ឯក គង់ គា បានបន្តថា ជនសង្ស័យមានឈ្មោះ ជា សុខជីម ភេទប្រុស អាយុ ២៤ ឆ្នាំ មុខ របរមិនពិតប្រាកដ  រស់នៅភូមិវាលចាក់ខាងកើត ឃុំវាលពង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន

*  ម៉ូតូហុងដាឌ្រីម  C-125 មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះវិហារ 1E- 9667 ដែលជាម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឆែប ។

លោកវីរៈសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមក កាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការជាបន្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print