ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថា ៖ មន្ត្រីនគរបាលយុត្តិធម៌ កំពុងប្រមូលភ័ស្ដុតាង និងសាក្សីបន្ថែមទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៊ីណា ក្នុងការប្រព្រឹត្តអំពើ មនុស្សឃាតដោយចេតនា គិតទុកជាមុន ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់បន្ថែមពីអំពីនីតិវិធីរបស់ មន្ត្រីនគរបាលយុត្តិធម៌ ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់មនុស្ស នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កដោយខ្មាន់កាំភ្លើងជាឧកញ៉ា ឈ្មោះ ស្រី ស៉ីណា ។
សូមជម្រាបថា ៖ ឧកញ៉ា ឈ្មោះ ស្រី ស៉ីណា ជាជនដៃដល់បាញ់ប្រហារជនរងគ្រោះចំនួន៤នាក់ ស្លាប់២នាក់ របួស២នាក់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ និងកំពុងស្នើសុំបញ្ចប់គោរមងារឧកញ៉ា។
សមាគមឧកញ៉ាកម្ពុជា បានលើកឡើងតាមលិខិតផ្លូវការរបស់ខ្លួនថា ៖ សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។
ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា” ! គឺសមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា ឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំង អស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា ប៉ុន្តែ មិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្ត ទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តី ថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។
លោកស្នងការ ជួន ណារិន្ទថ្លែងប្រាប់សារព័ត៌មានថា នៅពេលនេះមន្ដ្រីនគរបាលយុត្តិធម៌ កំពុងតែបន្ដនីតិវិធីតាមជំនាញ ដោយត្រូវរៀបចំកសាងសំណុំរឿង ប្រមូលសាក្សី និងភ័ស្ដុតាងបន្ថែមមួយចំនួនទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៉ីណា ក្នុងបទល្មើស «មនុស្សឃាតដោយចេតនា គិតទុកជាមុន»។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីឃាតកឧកញ៉ា ស្រី ស៉ីណា ខាងសមត្ថកិច្ចបានរៀបចំសំណុំរឿង សាក្សី ភ័ស្ដុតាងមួយចំនួន ដោយអនុវត្តនូវវិធានការច្បាប់យ៉ាងតឹងរឹងបំផុត។ ការងាររបស់នគរបាល គឺប្រមូលសាក្សី ភ័ស្ដុតាងដាក់បន្ទុកមួយចំនួនដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ លើអំពើប្រព្រឹត្តបទល្មើស មនុស្សឃាតដោយចេតនា គិតទុកជាមុន ។
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។
ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ក្នុងនោះប្រជាពលរដ្ឋថ្កោលទោស ឃាតក ឈាមត្រជាក់នេះ សូមឱ្យសមត្ថកិច្ចចំណាត់ការឱ្យបានតឹងរឹងតាមនីតិវិធី ដើម្បីធ្វើសេចក្តីសន្និដ្ឋានបញ្ជូនសំណុំរឿងទៅកាន់អយ្យការ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។
ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។ អ្នកទាំង២ ជាគូដណ្តឹងនឹងគ្នា ដែលត្រូវចូលរោងការនៅខែតុលា ឆ្នាំ២០២៤ តែជាអកុសល ត្រូវ ឧកញ៉ា ស្រី សុីណា បាញ់ប្រហារសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយឃាតក រូបនេះ គ្មានញញើតខ្លាចច្បាប់សូម្បីបន្តិច មុខឌឺ១០០តែម្តង។
ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។
ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាប់ព្រំគ្នានឹងផ្ទះឃាតក ជួលឱ្យគេ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានប្រមាណជា៣ម៉ោងក្រោយមក កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយចាប់យក បានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំង សហការគ្នាជាមួយ កម្លាំងនគរបាលរាជធានីភ្នំពេញ ឈានដល់ឃាត់ខ្លួនឃាតក បាន នៅម៉ោង៦ល្ងាចថ្ងៃទី១៧ ខែមិថុនា ។
យោងតាមចម្លើយសារភាព របស់ឃាតករ បញ្ជាក់ថា ៖ មូលហេតុនៃការ បាញ់សម្លាប់ បណ្តាលមកពីជនរងគ្រោះ ប្រើពាក្យសម្តីធ្ងន់ៗ មកលើខ្លួន ក៏មានកំហឹង ដកកាំភ្លើងបាញ់សម្លាប់តែម្តង ព្រោះកាំភ្លើងយកមកជាប់ខ្លួនជានិច្ច។
មរណភាពរបស់ជនរងគ្រោះទាំងពីរនាក់គូដណ្តឹង ពិតជាមានអ្នកចូលរួមរំលែកទុក្ខយ៉ាងសែនក្រៀមក្រំលើបណ្តាញទំនាក់ទំនងសង្គម ។
នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។
លោកថា ៖ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល ។
ដោយឡែកសាច់ញាតិជនរងគ្រោះស្រែកទ្រហោយំ ដោយក្តីអាឡោះអាល័យរកទីបំផុតគ្មាន ហើយនិយាយប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា ហេតុអីក៏បុរីនេះ មានគេយកកាំភ្លើងចូល ! ៕