ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិត្តិយសសូម ជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sreyleap Muth បានសរសេរនៅក្នុងគណនីរបស់ខ្លួន ចំពោះការបត់ស្តាំនៅចំណុចភ្លើងស្តុប ចរាចរណ៍ព្រះមុនី្នវង្ស ក្នុងក្រុងបាត់ដំបង ដោយភ្ជាប់ជាមួយនូវរូបភាពភ្លើងសញ្ញាចរាចរណ៍លោតបំភ្លឺនៅ ភ្លើងបៃតង ហើយបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គម និងបានបង្កនូវការលើកឡើងជាមតិយោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គមវាយតម្លៃប្រកបដោយភាពអវិជ្ជមានចំពោះការអនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍ក្នុងខណៈដែលគាត់មិនបានយល់ច្បាស់ចំពោះអង្គហេតុនិងទិដ្ឋភាពជាក់ ស្តែងនៃសកម្មភាពពិតប្រាកដកនៅទីនោះ ហើយបានបង្កនូវការយល់ច្រឡំពីមជ្ឈដ្ឋានទូទៅ។
ឃើញការផ្សព្វផ្សាយបែបនេះ នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង បានឱ្យធ្វើការស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់ ហើយនាវេលា ម៉ោង៩និង៣០នាទីព្រឹកនេះក្រុម ការងាររួមជាមួយនាយការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានកោះហៅម្ចាស់គណនីខាងលើ ចូលមកស្នងការដ្ឋានដើម្បីធ្វើការបំភ្លឺជុំវិញព័ត៌មានដែលគាត់បានធ្វើការផ្សព្វផ្សាយក្នុងគណនីរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ។
ក្រោយពីបានធ្វើការសាកសួរដឹងថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seryleap Muth មានឈ្មោះពិត កៅ សេង ហ៊ួ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤គាត់បានធ្វើដំណើរដោយរថយន្តមួយគ្រឿងមកដល់ចំណុចភ្លើងស្តុបព្រះមុនី្នវង្សក្នុងក្រុងបាត់ដំបង ខណៈដែលគាត់បម្រុងបត់ទៅខាងស្តាំដៃ គាត់មើលឃើញភ្លើងស្តុបពណ៌បៃតងនៅឡើយទេ ប៉ុន្តែពេលដែលចាប់ផ្តើមបត់គាត់មិនបានមើលភ្លើងសញ្ញាចរាចរណ៍ទៀតទេគឺគាត់មើលតែផ្លូវខាងស្តាំដៃ ហើយពេលនោះហើយ គឺជាពេលដែល ភ្លើងសញ្ញាចរាចរណ៌ពណ៌ក្រហមលោកឡើងដោយ មាន សញ្ញាព្រួញហាមបត់ស្តាំទៀត ទើបបង្កឱ្យមាន កំហុស។
ពេលមន្រ្តីនគរបាលចរាចរណ៍បង្ហាញរូបភាព រថយន្តរបស់គាត់កំពុងបើកបរក្នុងពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ ក្រហមហើយមានសញ្ញាព្រួញហាមបត់ ទើបគាត់ទទួលស្គាល់ថា គាត់ពិតជាបានបើកបររថយន្តបត់ស្តាំបំពាន ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមដែលមានសញ្ញាព្រួញហាមបត់ស្តាំពិតប្រាកដមែន ហើយពេលនេះរូបគាត់យល់ព្រមទទួលយកនូវការ អនុវត្តច្បាប់ និងការបកស្រាយបំភ្លឺពីសមត្ថកិច្ចនគរ បាលចរាចរណ៍ហើយ អ្វីដែលនាំឱ្យមានការភាន់ ច្រឡំនោះគឺដោយសារម្ចាស់គណនីយករូបភាពភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង មកដាក់ក្នុងគណនីហើយសរសេរថា (អ្នកបាត់ដំបងផ្លូវនេះគេហាមមិនឱ្យបត់ស្តាំមែន?)។
សូមជម្រាបជូនថា ភ្លើងសញ្ញាចរាចរណ៍នៅចំណុចស្តុបព្រះមុនី្នវង្ស និងចំណុចផ្សេងទៀត មានសញ្ញាព្រួញ បង្ហាញទិសដៅទាំងអនុញ្ញាតនិងទាំងមិនអនុ ញ្ញាតឱ្យធ្វើចរាចរណ៍ដូច្នេះអ្នកបញ្ជាយានត្រូវមើលឱ្យច្បាស់នូវសញ្ញាព្រួញនេះចៀសវាងមានកំហុស ហើយស្របតាមមាត្រា១១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវិសោធនកម្មថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៧ បានចែងនៅកឋាខណ្ឌចុងក្រោយថា (បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្តាំ បំផុតអាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ)។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នក សារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាប ជាព័ត៌មាន កុំមានការភាន់ច្រឡំ និងសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ៕ដោយ៖តារា