ភ្នំពេញ៖ ជនជាតិចិនចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារចិន ផ្លូវក្រសួងការបរទេសក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យទាំងនោះធ្វើសកម្មភាពចាប់មនុស្សដាក់ចូលក្នុងរថយន្តបង្ខាំងជំរិតទាប្រាក់។
របាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ទី១ឈ្មោះYE SHIJING ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរថៅកែបនល្បែង (គ្មានលិខិតឆ្លងដែន)។ ទី២.ឈ្មោះZHENG GANG ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅព្រះសីហនុ មុខរបរអ្នកបើកតាក់ស៊ី(គ្មានលិខិតឆ្លងដែន)។ និងទី៣.ឈ្មោះ WANG MA JUN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅប្រទេសចិន មុខរបរទេសចរណ៍(គ្មានលិខិតឆ្លងដែន)( ជនសង្ស័យទាំង៣នាក់ខាងលើគ្មានសារធាតុញៀន ) ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ច ក៏បានដកហូតរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ភ្នំពេញ 2AB-8482។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តនីតិវិធី៕ដោយ៖តារា