រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី! បានដើរកម្សាន្តហើយ បានស្គាល់ប្រទេសជាតិខ្លួន និងជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី! បានដើរកម្សាន្តហើយ បានស្គាល់ប្រទេសជាតិខ្លួន និងជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាង ១០០នាក់ អញ្ជើញមកទស្សនាដើរកំសាន្តនៅ ឧទ្យានជាតិកែប ខេត្តកែប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

  ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា រួមជាមួយមន្ត្រីឧទ្យានជាតិ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញដាំដើមក្ងោក នៅតាមដងផ្លូវក្នុង ឧទ្យានជាតិកែប ដើម្បីអោយកាន់តែមានសោភ័ណភាពស្រស់ស្អាត និងជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកទស្សនាលេងកំសាន្ត ។ 

 លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា ឧទ្យានជាតិកែបជាឧទ្យានជាតិតែមួយគត់នៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង,សម្រស់ឧទ្យានជាតិកែប គ្របដណ្ដប់ដោយភាពបៃតងគ្រប់រដូវកាល ហើយបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរថ្មើរជើង ដើរកម្សាន្តអាចគយគន់ទេសភាពព្រៃព្រឹក្សា និងសត្វព្រៃផ្សេងៗ។ 

  ខេត្តកែប គឺជាទីក្រុងឆ្នេរសមុទ្រមួយ ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ព្រោះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឧទ្យានជាតិខៀវស្រងាត់ ព្រមទាំងមានបរិយាកាសស្ងប់ស្ងាត់ ដែលធ្វើឱ្យវាក្លាយជាគោលដៅល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកស្វែងរកភាពស្ងប់ស្ងាត់។

    ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែប បានផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប ។  

   បើតាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអោយដឹងថា ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ 

  ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

 ក្នុងឧទ្យានជាតិកែប ក៏មានកន្លែងជិះខ្សែរ៉កកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។ 

   តាមរយៈនេះ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែប ពីលើប៉មមើលទេសភាព។   

   រដ្ឋបាលខេត្តកែប បាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន ។

  គួររំលឹកដែរថា ផ្លូវបេតុងប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធនាមថា ” រុក្ខវិថី បុប្ផា ប្រសិទ្ធ ” ស្ថិតក្នុងក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។ ផ្លូវបេតុងដ៏រឹងមាំនេះ ក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ផ្លូវនេះភ្ញៀវទេសចរអាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិដោយក្តីសប្បាយរីករាយ ។

  ឧទ្យានជាតិកែប នឹងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្មវិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print