អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនចេញផ្សាយសេចក្តីថ្លែងការណ៍អំពីករណីដែលផ្នែកយោធាអាមេរិកបំផុសសង្គ្រាមផ្លូវចិត្តសម្ងាត់ដើម្បីមួលបង្កាច់វ៉ាក់សាំងរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ មានអ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានទម្លាយឱ្យដឹងថា ក្នុងអំឡុងពេលជំងឺកូវីដ១៩រីករាលដាលនៅទូទាំងពិភពលោក ដើម្បីទប់ស្កាត់កម្លាំងឥទ្ធិពលរបស់ចិន ផ្នែកយោធាអាមេរិកបានបំផុសសង្គ្រាមផ្លូវចិត្តដ៏សម្ងាត់ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមកក្លែងបន្លំជនជាតិហ្វីលីពីនក្នុងន័យផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្តីពីអសុវត្ថិភាពរបស់វ៉ាក់សាំងនិងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន ញុះញង់អុជអាលឱ្យប្រជាជនហ្វីលីពីនមិនជឿទុកចិត្តនិងភ័យខ្លាចចំពោះវ៉ាក់សាំងរបស់ចិន ដែលបណ្តាលឱ្យហ្វីលីពីនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាបបំផុតនិងអត្រាស្លាប់បាត់បង់ជីវិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ពោលគឺប្រជាជនរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិតដោយសារឆ្លងជំងឺ ។ ក្នុងស្រុកហ្វីលីពីនបានលេចចេញសំឡេងដែលទាមទារឱ្យរដ្ឋាភិបាលនិងរដ្ឋសភាហ្វីលីពីនធ្វើការស៊ើបអង្កេតចំពោះករណីនេះ ។ តើស្ថានទូតចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ? នេះជាការចេញផ្សាយដោយ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានថ្លែងថា ប្រទេសចិនជាប្រទេសធំដែលទទួលខុសត្រូវ ហើយក៏ជាប្រទេសទីមួយដែលផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងវ៉ាក់សាំងដល់ហ្វីលីពីនក្នុងអំឡុងពេលជំងឺកូវីដ១៩រីករាលដាល ។ សហរដ្ឋអាមេរិកនិយាយបានតែមាត់ពីសីលធម៌ជាញឹកញាប់ តែការពិតគឺមិនអើពើនឹងសុខភាពនិងអាយុជីវិតរបស់ប្រជាជនហ្វីលីពីននោះទេ រហូតដល់រកគ្រប់មធ្យោបាយដើម្បីរារាំងប្រជាជនហ្វីលីពីនក្នុងការទទួលបានជំនួយឧបត្ថម្ភពីប្រទេសចិនដោយសារគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្ត្រនយោបាយ ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាដូចដែលខ្លួនបានអួតអាងនោះ ក៏ត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលសំដៅចំពោះប្រទេសដទៃទៀត ទទួលរ៉ាប់រងកាតព្វកិច្ចជាប្រទេសធំ ហើយគោរពយ៉ាងប្រាកដប្រជានូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការគាំពារសុខភាពនិងសុខុមាលកិច្ចរបស់ប្រជាជន ក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print