យោងតាមក្រុមហ៊ុនអចលនទ្រព្យ HomeLight មានហេតុផលទូទៅចំនួន 5 នៅពីក្រោយបញ្ហាដែលម្ចាស់អចលនទ្រព្យលក់ផ្ទះ ដី ឬ អាផាតមិនរបស់ខ្លួនមិនចេញ។
ហេតុផលទីមួយនោះគឺការដាក់តម្លៃខ្ពស់ហួសហេតុ។ វាគឺជាការពិតណាស់ដែលអ្នកលក់ត្រូវការដំឡើងតម្លៃដើម្បីឲ្យអ្នកទិញចរចា ប៉ុន្តែដាក់ថ្លៃហួសហេតុពេក ធ្វើឲ្យអ្នកទិញមិនចាប់អារម្មណ៏ទៅវិញទោះបីជាទីផ្សារអចលនទ្រព្យកំពុងតែមានសកម្មភាពទិញលក់ខ្លាំងក៏ដោយ។
នកជំនាញអចលនទ្រព្យ Alex Adabashi បាននិយាយថា៖ «អ្នកលក់ច្រើនតែចូលចិត្តដាក់តម្លៃ ខ្ពស់ដើម្បីទុកចន្លោះសម្រាប់ការចរចា ប៉ុន្តែនេះក៏អាចកំណត់ចំណាប់អារម្មណ៍អ្នកទិញផងដែរ»។
ម្ចាស់គួរតែពិគ្រោះជាមួយភ្នាក់ងារអចលនវត្ថុ ឬអ្នកជំនាញដើម្បីដាក់តម្លៃផ្ទះឱ្យសមហេតុផល ដែលធ្វើឱ្យអចលនទ្រព្យរបស់អ្នកកាន់តែងាយស្រួលសម្រាប់អ្នកទិញ។
មូលហេតុទី២គឺផ្ទះមានសភាពចាស់យ៉ាប់យ៉ឺន។ ផ្ទះដែលមានការខូចខាត លក្ខណៈពិសេសហួសសម័យ ឬខ្វះគ្រឿងបរិក្ខារអាចបង្វែរអ្នកទិញដោយមិនគិតពីតម្លៃ។
យោងតាមលោក Adabashi ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់ណាស់។ ការកែលម្អរូបរាងរបស់អចលនទ្រព្យតាមរយៈការធ្វើបច្ចុប្បន្នភាពជាយុទ្ធសាស្រ្តដូចជាការគូរគំនូរ ឬការជួសជុលជួយរក្សាតម្លៃរបស់វា និងទាក់ទាញអ្នកទិញ។
ការបន្ថែមពណ៌បៃតង ការកែលម្អភ្លើងបំភ្លឺ និងការរៀបចំបន្ទប់ទទួលភ្ញៀវឡើងវិញក៏ជាដំណោះស្រាយរហ័ស និងមានប្រសិទ្ធភាពមួយចំនួនផងដែរ។
មូលហេតុបន្ទាប់នោះគឺទីតាំងរបស់អចលនទ្រព្យ។ ទីតាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃ និងសាច់ប្រាក់ងាយស្រួលនៃអចលនទ្រព្យ។
អចលនទ្រព្យនៅតំបន់ដាច់ស្រយាលដែលមានចរាចរណ៍ច្រើន ឬខ្វះគ្រឿងបរិក្ខារគឺពិបាកលក់ជាងអចលនទ្រព្យដែលមានទីតាំងល្អ។
ទោះបីជាផ្ទះរបស់អ្នកមានភាពទាក់ទាញក៏ដោយ ការនៅឆ្ងាយពីមធ្យោបាយធ្វើដំណើរ សាលារៀន មន្ទីរពេទ្យ ឬផ្សារអាចជាគុណវិបត្តិដ៏សំខាន់មួយ។
វិធីមួយទៀតដើម្បីបង្កើនតម្លៃលក់គឺការវិនិយោគលើបរិក្ខារសំខាន់ៗដើម្បីបំពេញតម្រូវការអ្នកទិញ។ ចំណាយលុយតុបតែងឲបានស្រស់ស្អាតនិងមានភាពទាក់ទាញ។ សូមដកចេញនូវវត្ថុផ្ទាល់ខ្លួនដូចជាវត្ថុអនុស្សាវរីយ៍ ឬរូបថតគ្រួសារ ព្រោះចំណង់ចំណូលចិត្តរបស់ភ្ញៀវខុសពីការស្រលាញ់ចូលចិត្តរបស់យើង។
មូលហេតុចុងក្រោយនោះគឺការជ្រើសរើសពេលវេលាដាក់លក់មិនបានត្រឹមត្រូវ។ ការជ្រើសរើសពេលវេលាត្រឹមត្រូវក្នុងការលក់គឺចាំបាច់សម្រាប់ការបង្កើនប្រសិទ្ធភាពតម្លៃ និងពេលវេលាប្រតិបត្តិការ។
ពេលវេលាដ៏ល្អប្រែប្រួលតាមប្រភេទអចលនទ្រព្យ។ ផ្ទះ និងអាផាតមិន ច្រើនតែលក់ដាច់បំផុតនៅចុងឆ្នាំ ឬមុនរដូវចូលរៀន នៅពេលដែលតម្រូវការកើនឡើង ខណៈពេលដែលរដូវផ្ការីក និងរដូវក្តៅអំណោយផលសម្រាប់ដី និងវីឡា៕