ភ្នំពេញ ៖ ដើម្បីសុខភាពទាំងអស់គ្នា បងប្អូនគប្បី ត្រូវស្វែងយល់ អំពី ជំងឺរហែករន្ធទ្វារបាត!
១- អ្វីទៅជាជំងឺរហែករន្ធទ្វារបាត?
ជំងឺរហែករន្ធទ្វារបាត គឺជាជំងឺដែលមានការដាច់រលាត់បាត ដែលអាចជួបជាញឹកញាប់ដែរ ចំពោះបញ្ហាជំងឺនៅរន្ធទ្វារបាត ធ្វើអោយអ្នកជំងឺមានការឈឺចាប់នៅបាត និងបន្ទោរបង់លាមកមានឈាម ។ ជំងឺនេះ អាចជួបប្រទះនៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ ។ ជំងឺរហែករន្ធទ្វារបាត អាចជាជំងឺស្រួចស្រាវ ឬរ៉ាំរ៉ៃ។
២- មូលហេតុនៃជំងឺ?
ជំងឺនេះកើតមានឡើងដោយសារតែការប៉ះទង្គិចនៃដុំលាមក ទៅលើស្បែក នៃរន្ធបាត ដែលធ្វើអោយមានការដាច់រលាត់ ឬដោយការកន្រ្តាក់នៃសាច់ដុំរន្ធទ្វារបាតខ្លាំង ។
ជំងឺនេះអាចកើតមានចំពោះអ្នកជំងឺ
– ទល់លាមក (លាមករឹងខ្លាំង)
– ការរាគរូសរ៉ាំរ៉ៃ
– ការប្រឹងបន្ទោរបង់លាមកខ្លាំង
– ក្រោយការសម្រាល
– ការរួមភេទតាមរន្ធទ្វារបាត
៣- រោគសញ្ញានៃជំងឺ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា៖
– ឈឺនៅរន្ធទ្វារបាត ជាពិសេសនៅពេលបន្ទោរបង់លាមក
– មានឈាមជាប់លាមក ឬតក់ក្នុងចានបង្គន់
– ជួនមានសាច់នៅបាត ដែលអ្នកជំងឺច្រើនគិតថាជាជំងឺឫសដូងបាត នៅពេលដែលមានមេរោគនៅលើកន្លែងរហែកនោះ វាអាចធ្វើអោយកើតមានបូសអន្ទង់នៅរន្ធទ្វារបាត ដែលធ្វើអោយមានការជ្រាបសើមដោយខ្ទុះ និងរមាស់នៅបាត ។
៤- វិធីសាស្រ្តក្នុងការព្យាបាល ?
មុននឹងព្យាបាល យើងត្រូវដឹងអំពីមូលហេតុ និងរយៈពេលនៃជំងឺនេះ ។
ការព្យាបាលមានដូចជា
– ប្រើថ្នាំបន្ទន់លាមក បើអ្នកជំងឺពិបាកក្នុងការបន្ទោរបង់
– ប្រើថ្នាំបំបាត់រាគ បើអ្នកជំងឺមានការរាគរូសខ្លាំង
– ប្រើថ្នាំ Cream លាបទៅលើទ្វារបាត
– ប្រើថ្នាំបំបាត់ការឈឺចាប់
– ត្រាំទឹកក្តៅឧណ្ណៗអាចជួយកាត់បន្ថយការឈឺចាប់
បើជំងឺនេះ វិវត្តទៅជារ៉ាំរ៉ៃ ឬមានមេរោគក្លាយនៅកន្លែងរហែកនោះ ការព្យាបាលដែលមានប្រសិទ្ធិភាព គឺការវះកាត់យកផ្នែកដែលរហែកចេញ និងសំអាតនូវមេរោគនៅកន្លែងនោះ ។ ការប្រើថ្នាំផ្សះ (Antibiotic) តែមួយមុខ មិនមានប្រសិទ្ធិភាពក្នុងការព្យាបាលទេ ។
*** ការបរិភោគបន្លែ ផ្លែឈើច្រើន អាចបង្ការនូវជំងឺរហែករន្ធទ្វារបាត។ ជំងឺនេះអាចព្យាបាលជាសះស្បើយ បើការព្យាបាលនោះត្រឹមត្រូវតាមបច្ចេកទេស ។ សូមបងប្អូន ស្វែងរកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីទទួលបានការព្យាបាលមួយ ដែលមានប្រសិទ្ធិភាព។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #មន្ទីរពេទ្យកាល់ម៉ែត ៕