មេឃុំអូរតាប៉ោងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកបាកានចុះទៅរុះរើរបងដីកម្មសិទ្ធិស្របច្បាប់របស់​អ្នកដទៃទាំងបំពាន បើកផ្លូវឲ្យពលរដ្ឋមួយគ្រួសារឆ្លងកាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ លោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក មាននគរបាលប៉ុស្តិ៍ កម្លាំងអាវុធហត្ថស្រុក ចុះមករុះរើរបងនៅក្នុងដីស្របច្បាប់របស់ឈ្មោះ ជាម មើល ស្ថិតនៅចំណុចភូមិព្រៃយាង ឃុំអូរតាប៉ោង ទាំងបំពាន ដោយសំអាងថាបើកផ្លូវឲ្យឈ្មោះ ឆៃ ប៉ាន់ ចេញចូលដែលរស់នៅក្នុងភូមិព្រៃយាង នេះ។

...

ការដឹកនាំកម្លាំងចម្រុះដោយលោកមេឃុំ ង៉ែត ហ៊ាង ថែមទាំងប្រើពាក្យគំរាមទៅលើម្ចាស់ដីកម្មសិទ្ធិ បើហ៊ានមកតវ៉ានឹងចាប់ដាក់គុកទាំងអស់ ក្នុងនោះគេក៏បានឃើញកម្លាំងចម្រុះប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ធ្វើទាំងបំពានមកលើដីស្របច្បាប់អ្នកដទៃ ដោយគ្មានដីកា ឬលិខិតស្នាមណាជាគតិយុត្តិណា អាចទទួលយកបាន។ ករណីនេះលោកមេឃុំគ្រាន់តែសំអាងទៅលើលិខិតបេសកកម្មដែលចុះហត្ថលេខាដោយខ្លួនឯងលេខ ១២២១-១៦ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ និងបញ្ជាក់លើលិខិតបេសកកម្មនេះថា យោងតាមប្រសាសន៍របស់អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ យោងតាមប្រសាសន៍លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងយោងតាមការណែនាំរបស់អភិបាលនៃគណៈអភិបាលស្រុកបាកាន ។

លោកមេឃុំបានបញ្ជាក់លើលិខិតបេសកកម្មដឹកនាំកងកម្លាំងនោះទៀតថា យោង ខ្លឹមសារឲ្យបើកផ្លូវនៅភូមិព្រៃយាង ដែលលោក ជាម មើល បានបិទមិនឲ្យឈ្មោះ ឆៃ ប៉ាន់ ចេញចូល និងយោងតាមសាមីចុងចោទឈ្មោះ ជាម មើល ពុំបានចូលរួមដោះស្រាយនៅសាលាឃុំ ទើបគាត់ធ្វើបែបនេះ។

ក្រុមគ្រួសារម្ចាស់ដីបានអះអាងថា ដីនេះគាត់មានលិខិតស្នាមត្រឹមត្រូវពីមេភូមិនិងមេឃុំ ហេតុអ្វីក៏អាជ្ញាធរដឹងឮហើយនោះ ប្រើសិទ្ធិអំណាចមកយកដីស្របច្បាប់របស់គាត់បើកធ្វើជាផ្លូវឲ្យអ្នកដ៏ទៃឆ្លងកាត់ ។ គាត់រំលឹកថា កន្លងទៅភាគីសុំបើកផ្លូវនេះបានមកចរចារសុំទិញហើយគាត់ក៏យល់ព្រមលក់ក្នុងតម្លៃ៥លានរៀល តែគាត់ឲ្យត្រឹម១២ម៉ឺនរៀល ជាលក្ខណៈមើលងាយមើលថោក ក្នុងនោះការដោះស្រាយក៏ត្រូវបានធ្វើនៅភូមិនិងឃុំមានកំណត់ហេតុត្រឹមត្រូវ ហេតុអ្វីក៏លេចចេញការដឹកនាំកម្លាំងធ្វើទាំងបំពានបែបនេះទៅវិញ?

ពាក់ព័ន្ធករណីនេះលោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ថា ៖ ខ្ញុំបានដឹកនាំកម្លាំងទៅរុះរើរបងនោះមែន តាមលិខិតបេសកកម្មរបស់ខ្ញុំ បន្ទាប់ពីទទួលបានបញ្ជាពីលោកអភិបាលស្រុក លោក សៅ ដារឿន គាត់បានប្រាប់ថា មានការឯកភាពពីអភិបាលខេត្ត ពីលោកព្រះរាជអាជ្ញា និងអភិបាលស្រុក។

ករណីនេះត្រូវបានគេរិះគត់ថា អាជ្ញាធរចូលចិត្តអនុវត្តផ្ទុយពីនីតិវិធីការងាររដ្ឋបាលរបស់ខ្លួន គួណាស់តែអនុវត្តបានដកហូតដីអ្នកដទៃ ជាអំណាចរបស់តុលាការ ចុងក្រោយមកលេងផ្លូវកាត់។

លោក សៅ ដារឿន អភិបាលនៃគណៈអភិបាលស្រុកបាកាន បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នេះថា៖ រឿងនេះគឺធ្វើតាមបញ្ជាចៅហ្វាយខេត្ត រួចក៏បិទទូរស័ព្ទបន្ទាប់ពីប្រាប់ដោយខ្លីកំពុងជាប់ប្រជុំ។

ដោយលោក ម៉ៅ ធន់និន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មិនអាចទាក់ទងបានទេតាមទូរស័ព្ទនៅថ្ងៃដដែលនេះ ប៉ុន្តែលោក តន់ សីហតេជៈ ព្រះរាជអាជ្ញានៃអយ្យការអបសាលាដំបូងខេត្តបានឲ្យដឹងថា ៖ រឿងដីនេះខ្ញុំដឹងតែសូមឲ្យបើកជាផ្លូវមួយរយៈសិនដើម្បីចេញចូល ហើយអាចពិនិត្យឡើងវិញឲ្យខាងម្ចាស់ដីប្ដឹងទៅអាជ្ញាធរខាងដោះស្រាយដីធ្លី ឬមកតុលាការ។

លោកព្រះរាជអាជ្ញាបន្តថា យកល្អអាចសួរនាំទៅលោកអភិបាលខេត្តអាចដឹងច្បាស់ ហើយលោកក៏មិនចង់ឲ្យរឿងនេះវែងឆ្ងាយផងដែរ។

នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងផងដែរថា រឿងនេះខ្ញុំបានដឹងនិងសួរនាំទៅកាន់អភិបាលស្រុក ដើម្បីឲ្យគាត់បញ្ជាក់ឲ្យច្បាស់ថា ដោយសារមូលហេតុអ្វីពិតប្រាកដ៕

IMG_9351

IMG_9353

IMG_9354

IMG_9355

IMG_9356

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print