ខេត្តព្រះវិហារ៖ រថយន្ត១គ្រឿងដឹកឈើគគីរត្រូវបាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងនគរបាល ស្រុកត្បែងមានជ័យឃាត់ជាប់ តែ ម្ចាស់រត់បាត់ ។
ករណីបង្ក្រាបរថយន្តដឹកឈើគគីរខុសច្បាប់នេះបានប្រព្រឹត្តទៅ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើ ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិទួលចំបក់ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ ។
មន្រ្តីនគរបាលស្រុកត្បែងមានជ័យបានឲ្យដឹងថា រថយន្តដែលផ្ទុកឈើគគីរនោះ ម៉ាក Tundra ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2R-2274 ។ រីឯជនសង្ស័យដែល បើករថយន្តដឹកឈើខាងលើបានរត់គេច បាត់ស្រមោល ។ លោកបន្តថាក្រោយពេលត្រួតពិនិត្យរថយន្តនិងវត្ថុតាងគ្រោងប្រគល់ឲ្យមន្ត្រីជំនាញ ខណៈសមត្ថកិច្ចកំពុងបន្តតាមស្វែងរកជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
បច្ចុប្បន្នរថយន្តនិងឈើត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ហើយគ្រោងប្រគល់ ឲ្យមន្ត្រីព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សហការី