អភិបាលខណ្ឌឫស្សីកែវបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ជនអនាថា ក្មេងទំនើង ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម បរិស្ថាន និងចុះល្បាត២៤ម៉ោងលើ២៤ម៉ោងដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ទាំងអស់ត្រូវចាត់កម្លាំងរបស់ខ្លួនចុះល្បាតតាមមូលដ្ឋាន ២៤ម៉ោង/២៤ម៉ោង និងត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ជនអនាថា ក្មេងទំនើង ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ជាមួយបរិស្ថានឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ដើម្បីធានាឱ្យបានការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងមូល។

បន្ថែមពីនេះ លោក ជិន ប៊ុនធឿន បានក្រើនរំលឹកនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវវិធានការដ៏មុតស្រួចមួយចំពោះបញ្ហាគ្រឿងញៀន ដែលបានបញ្ជាឱ្យបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិនិងយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាបានប្រើប្រាស់គ្រឿងញៀនឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ សំដៅដល់ការលុបបំបាត់បាតុភាពក្នុងសង្គម ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។

ការដាក់បទបញ្ជា និងការបញ្ជាក់បន្ថែមយ៉ាងហ្មត់ចត់របស់លោកអភិបាលខណ្ឌ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ, ព្រមទាំងមន្ដ្រីសរុបចំនួន៣៩នាក់ ស្ថិតនៅសាលប្រជុំ (B) សាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌបានរាយការណ៍ការងារដល់កិច្ចប្រជុំ និងលើកឡើងផែនការត្រៀមរៀបចំកម្លាំងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់លើការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

លោកអភិបាលរងខណ្ឌ ក៏បានជំរុញដល់មន្ត្រីត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ បង្កើនវេទិកាសាធារណៈយ៉ាងតិច២ដងក្នុង១ខែ ដោយផ្តោតលើបញ្ហាក្មេងទំនើង ជនអនាថា ការជួញដូរមនុស្ស បញ្ហាគ្រឿងញៀនជាមូលហេតុចម្បង ដែលបង្កឱ្យបទល្មើសផ្សេងៗមានភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ អសន្តិសុខក្នុងសង្គម៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print