រដ្ឋមន្ត្រីទាំង២ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា ៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយស្ថិតក្នុងប្រពន្ធ័ “ ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ “ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង,

  អនុស្សរណៈដែលក្រសួងទាំងពីរបានចុះហត្ថលេខានាឱកាសនេះ គឺជាការបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីមួយនៅក្នុងចំណោមក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល ដើម្បីរួមសហការគ្នាក្នុងការផ្សព្វផ្សាយនូវព័ត៌មានពាក់ពន្ធ័បេសកកម្ម គោលនយោបាយរបស់ក្រសួង សកម្មភាព ផែនការ និងសមិទ្ធិផលផ្សេងៗដែលក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបានក្នុងរយៈពេលកន្លងមក ហើយជាការផ្តល់ព័ត៌មានជាប្រចាំដល់ប្រជាពលរដ្ឋបានដឹង ។

  នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើលើអនុស្សរណៈនៃការយោគយល់ជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។

  លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រសួង ស្ថាប័នក្រោមចំណុះរាជរដ្ឋាភិបាល ពិសេសក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រោះកន្លងមកមានកិច្ចការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា បានធ្វើច្រើន និងសម្រេចបានសមិទ្ធិផលច្រើន តែការផ្សព្វផ្សាយនៅមានកំរិត ដែលធ្វើអោយប្រជាពលរដ្ឋទទួលបានព័ត៌មាន ក៏នៅមានកំរិត ហើយពេលខ្លះប្រជាពលរដ្ឋជឿទៅលើការឃោសនា អកុស្សល ឬការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវរបស់ក្រុមជនមួយចំនួន ។ 

  ដោយមើលឃើញពីសារៈសំខាន់ដើម្បីផ្សព្វផ្សាយអោយប្រជាជនបានដឹង បានឃើញ គឺក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវតែចាប់ដៃសហការគ្នាព្រោះក្រសួង ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាក្រសួងមួយដ៏មានសារៈសំខាន់ ដែលបានផ្តោតទៅលើឧស្សាហកម្មរបស់ប្រទេស ផ្តោតលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ពាក់ពន្ធ័ការប្រើប្រាស់ផ្នែកបច្ចេកវិទ្យា និងការបង្កើតថ្មីៗនៅក្នុងក្របខណ្ឌ នវានុវត្តន៍របស់កម្ពុជា ។

 លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន ពិតជាដើរតូនាទីសំខាន់ក្នុងការជម្រុញការប្រើប្រាស់ការសិក្សា ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងសិល្បៈ ដែលចាំបាច់ត្រូវចូលរួមក្នុងការផ្សាយផ្សព្វតាមប្រព័ន្ធផ្សាយរបស់ជាតិ មានច្រើនប្រព័ន្ធទាំងបុរាណ និងសម័យ ។ 

  លោក រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគូបញ្ជាក់ដែរថា សង្វាក់ផលិតកម្ម ការផលិតនានានៅក្នុងប្រទេសកម្ពុជា បើពិនិត្យមើលនៅលើទីផ្សារឃើញមានផលិតជាច្រើនដែលបានដាក់លក់ ហើយក្នុង នោះផលិតមួយចំនួនធំជាផលិតផលបានផលិតក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់មិនបានដឹងថា សង្វាក់ផលិតកម្ម និងដំណើរការនៃការផលិត ឬក៏ដំណើរនៃការងារដែលនាំអោយចេញនូវផលិតផលទាំងអស់នោះ ថាតើវាមានការវិវឌ្ឍយ៉ាងដូចម្ត៉េច ? ។  ទាំងអស់នេះហើយ ដែល លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា យល់ឃើញថាជាកិច្ចការងារមួយដែល ក្រសួងព័ត៌មាន ត្រូវជួយដល់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ទៅលើការជួយផ្សព្វផ្សាយនូវព័ត៌មានទាំងអស់នេះជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីកសាងនូវជំនឿទុកចិត្តបន្ថែមទៀត ទៅលើផលិតផលដែលបានផលិតនៅក្នុងស្រុក ហើយក៏កសាងនូវជំនឿទុកចិត្តទៅលើគុណភាព និងកំរិតស្តង់ដាផ្សេងៗរាល់ផលិតផលដែលផលិតបាន ។ 

 លោក រដ្ឋមន្ត្រី បានលើកឡើងថា យើងតែងតែបានឃើញផលិតផល ដែលផលិតបានហើយបានដាក់លក់នៅលើទីផ្សារ ប៉ុន្តែរូបភាពផ្សេងៗនៅក្នុងរោងចក្រ បើសិនជាមិនមែនជាការសម្ងាត់ ឬភាពជាឯកជនរបស់រោងចក្រនោះទេ រូបភាព មួយចំនួននៃដំណើរការផលិតកម្មគួរតែត្រូវបានផ្សព្វផ្សាយ ដើម្បីអោយប្រជាពលរដ្ឋបានដឹង បានឃើញ ហើយក៏ជាការបង្ហាញនូវមោទនភាព ថាប្រទេសកម្ពុជា ជាប្រទេសមួយដែលបានចាកចេញពីប្រទេសដែលមានភាពខ្ទេចខ្ទាំដោយសង្គ្រាម ជាប្រទេសបែកបាក់ តោកយ៉ាក ក្រីក្រពីមុន។  ប៉ុន្តែនាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចមានការរីកចំរើនខ្លាំង ប្រទេសជាតិមានការអភិវឌ្ឍខ្ពស់ ហើយជាមួយបច្ចេកវិទ្យាដែលយើងធ្លាប់តែឃើញនូវតាមទូរទស្សន៍ និងខ្សែភាពយន្តឯកសាររបស់បរទេស ឃើញពីភាពជឿនលឿនរបស់គេ ក៏ប៉ុន្តែអ្វីៗទាំងអស់នោះក៏មាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះដែរ ។

នៅក្នុងឱកាសនៃពិធីចុះហត្ថលេខានេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនថា នៅថ្ងៃទី២២ ខែមិថុនា គឺគ្រប់រយៈពេល ១០ខែ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវ ល្បឿនការងារគឺមានសន្ទុះយ៉ាងលឿនដោយសម្រេចបានកិច្ចការងារសំខាន់ៗជាច្រើន។

បើយោងតាមការស្ទង់មតិនាពេលកន្លងទៅនេះ នៅមុនការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ ប្រជាពលរដ្ឋបានផ្តល់នូវជំនឿទុកចិត្តលើរដ្ឋាភិបាលចំនួន ៧៧% ។ រយៈពេល ៥ ខែនៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ គឺនៅដើមខែមករា ឆ្នាំ២០២៤ ការស្ទង់មតិសារជាថ្មី បានបង្ហាញនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល គឺកើនឡើងរហូតដល់ ៨២ % ដែលជាការបង្ហាញនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវ និងជាក់ស្តែងនិយម ។ 

 លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរនាឱកាសនេះ បង្ហាពភាពជាដៃគូ ហើយជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង រួមរបស់យើងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានដូចជាការ អភិវឌ្ឍវិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត,   វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ  រួមទាំងមាតិកាព័ត៌មានទាំងឡាយដែលនឹងផ្តល់ជាសារប្រយោជន៍ដល់ទស្សនិកជនគោលដៅឱ្យបានកាន់តែជ្រួតជ្រាបអំពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងរាជរដ្ឋាភិបាលនៃនីតិកាលទី៧នេះ។

  លោក រដ្ឋមន្រ្តី ហែម វណ្ណឌី បានគូសបញ្ជាក់ថា ៖ ភាពជាដៃគូរបស់យើង នឹងផ្តោតលើការងារសំខាន់ បីគឺ៖ ទី១, ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន, កិច្ចសហការក្នុងការផលិតមាតិកាព័ត៌មាន និងការកសាងសមត្ថភាព។ កិច្ចសហការនេះនឹងជួយឱ្យប្រជាជនទទួលបានតថភាពពិត ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលនឹងជំរុញវប្បធម៌ចូលរួម នវានុវត្តន៍ និងពន្លឿនវឌ្ឍនភាពរបស់យើង។

  ទីពីរ៖  កិច្ចសហប្រតិបត្តិការដើម្បីផលិតមាតិការួមគ្នាដើម្បីនាំមកជូននូវរូបភាព និងការចែករំលែកចំណេះដឹង ចំណេះធ្វើព្រមទាំងនវានុវត្តន៍សំខាន់ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្ម បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈសមស្របនឹងទីផ្សារកម្ពុជា គឺជាការងារអាទិភាព។

  ទីបី៖  ភាពជាដៃគូរបស់នឹងរួមបញ្ចូលគំនិតផ្តួចផ្តើមកសាងសមត្ថភាពរួមគ្នា ដូចជាការបណ្តុះបណ្តាលជំនាញអ្នកនាំពាក្យ និងវិធីសាស្ត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ សមត្ថភាពនេះនឹងជួយឱ្យយើងផ្តល់ព័ត៌មានទៅកាន់សាធារណជនបានកាន់តែទូលំទូលាយ និងជំរុញលើកកម្ពស់សង្គម ដែលពលរដ្ឋមានការយល់ដឹង និងមានការចូលរួមខ្ពស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print