សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល

ចែករំលែក៖

ភ្នំពេញ  ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេស ផ្នែកបច្ចេកទេសព័ត៌មាន គឺរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋឌីជីថលដែលមានសមត្ថភាពទទួលយកនូវបច្ចេកវិទ្យា ដោយមានពុទ្ធិជាមូលដ្ឋាន។ 

សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ ជាមួយនិងចំណេះដឹងទូលំទូលាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សារព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។

 ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ឲ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។

សម្ដេចក៏បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួន ជាពិសេសផ្នែកវិទ្យាសាស្ដ្រ។ បើទោះបីមិនទាន់មានលទ្ធភាព ក្នុងការអភិវឌ្ឍទៅផ្នែកពាណិជ្ជកម្មធំៗយ៉ាងណាក្ដី ប៉ុន្ដែក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត បានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវការកែទម្រង់ស៉ីជម្រៅ សំដៅជំរុញការធានាបានមូលដ្ឋានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់អនុសាសន៍៤ចំណុច ដល់បណ្តាញសាកលវិទ្យាល័យ សាយប័រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យអប់រំ ដែលជាវិស័យដ៏មានសារៈសំខាន់មួយនៅកម្ពុជា។

សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះថា ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ ខ្ញុំសុំផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាងក្រោម៖

ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យបណ្តាញសាកលវិទ្យាល័យ សាយប័រកម្ពុជា និងជាវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សា ឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមបរិបថនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និងសាកលភាវូពាណិជ្ជកម្ម។

ទី២. ខ្ញុំសុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឱ្យ បានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបដិវត្តកម្មឌីជីថលកម្ពុជា។

ទី៣. ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្របត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីធ្វើការសិក្សារួមគ្នា ដកស្រង់បទពិសោធន៍ និងធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពសិក្សា អប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៤. សូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និងជាសរសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ប្រកបដោយអរិយធម៌រុងរឿង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print