លោកទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃ២៥ដល់២៧ ខែមិថុនា ឆ្នាំ២០២៤

ចែករំលែក៖

ទីក្រុងហ្សឺណែវ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃ២៥ដល់២៧ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញដំណើរនៅល្ងាចថ្ងៃ២៣ ខែមិថុនា ទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃ២៥ដល់២៧ ខែមិថុនា ឆ្នាំ២០២៤។

ព្រះរាជាណាចក្រកម្ពុជាបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការយូអិនអេដស៍ (UNAIDS PCB) តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិ២០២៣-២០២៥។ ការចូលរួមប្រជុំរបស់គណៈប្រតិភូ កម្ពុជាលើកនេះ ជាការចូលរួមលើកទី៣ ។

លោក ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងថ្លែងជម្រាបអង្គប្រជុំអំពី វឌ្ឍនភាពនៃការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា ជាពិសេសអំពីការអនុម័តគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ គោលនយោបាយនេះមានគោលបំណងកាត់បន្ថយការ ឆ្លងថ្មីឱ្យបានក្រោមមួយនាក់ក្នុងមួយថ្ងៃ ឬក្នុងរង្វង់២០០នាក់ក្នុងមួយឆ្នាំ និងកាត់បន្ថយការស្លាប់ ដោយសារអេដស៍ឱ្យនៅក្រោម២០០នាក់ក្នុងមួយឆ្នាំ។

ចីរភាពនៃការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជាឈរយ៉ាងរឹងមាំលើសសរស្តម្ភ៣គឺ៖ ១- ភាព ជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ២- ភាពជាដៃគូពហុវិស័យ និង៣-ការវិនិយោគនៅគ្រប់លំដាប់ថ្នាក់។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បញ្ជាក់ពីតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងការស្វែងរកធនធានសមស្រប ដើម្បីយកទៅអនុវត្តកម្មវិធីអេដស៍ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មានភារកិច្ចវាយតម្លៃអំពីតម្រូវការចាំបាច់ នៃការប្រើប្រាស់សេវាឆ្លើយតបនឹងមេរោគអេដស៍ ដោយសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាលផងដែរ។ បន្ថែមលើការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ដោយឥតគិតថ្លៃ គោលនយោបាយជាតិក៏បានលើកអំពី

ការផ្តល់អត្ថប្រយោជន៍នៃកម្មវិធីគាំពារសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ និងដល់ប្រជាជនគន្លឹះទៅតាម ស្ថានភាពនៃជីវភាពជាក់ស្តែង។

នៅឆ្នាំ២០២២ លើគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៨៦-៩៩-៩៨ បានន័យថាកម្ពុជា បានសម្រេចគោលដៅពីររួចជាស្រេចលើគោលដៅបី។ ទោះជាចំនួនអ្នកឆ្លងថ្មី និងស្លាប់ដោយសារអេដស៍ នៅខ្ពស់នៅឡើយក៏ដោយ (នៅឆ្នាំ២០២២ អ្នកឆ្លងថ្មីមានចំនួន១៤០០នាក់ និងអ្នកស្លាប់ដោយសារ អេដស៍មានចំនួន១១០០នាក់) ក៏កម្ពុជាត្រូវបានទទួលស្គាល់ថាឈរលំដាប់កំពូលនៅក្នុងពិភពលោក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គឺលេខ១១ លើ១៩៦៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print