ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈមាន បុរសម្នាក់ឡើងបេះ ផ្លែអំពិល ក្នុងវត្ត អកុសល ធ្លាក់បាក់កស្លាប់ គួរឱ្យអាសូរនៅស្រុករមាសហែក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ម៉ា ឡេង អាយុ ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរុនទី១ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះចាន់ សាម៉ាក់ អាយុ៥៥ឆ្នាំ។
ស្ត្រីជាប្រពន្ធ របស់ជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២៤វេលាម៉ោង៦និង៣០នាទី ខ្លួននិងប្ដី បានជិះម៉ូតូដឹកគ្នាចេញពីផ្ទះ មកទិញផ្លែអំពិល នៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំអង្គប្រសែ ស្រុករមាសហែក ខេត្តស្វាយរៀង ពេលនោះប្ដីបានឡើងបេះផ្លែអំពិល ចំណែកខ្លួននៅក្រោមដើមចាំរើសផ្លែស្រាប់តែប្ដី បានធ្លាក់ពីលើដើមអំពិលបណ្ដាលឲ្យស្លាប់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ការពិនិត្យកន្លែងកើតហេតុ ស្ដាប់ ការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញនិងលោកវេជ្ជបណ្ឌិត ប៊ូ សុខគង់ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែករមាសហែក បានបញ្ជាក់ថា បុរសខាងលើបានស្លាប់ដោយសារការធ្លាក់ពីលើដើមអំពិលបាក់ក បាក់ភ្លៅផ្នែកខាងឆ្វេង ប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យ រួចសមត្ថកិច្ចបានប្រគល់ សពជូនក្រុមគ្រួសារយកទៅបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕