សមត្ថកិច្ច និងមន្ត្រីជំនាញ អន្តរាគមន៍ដេញមនុស្សមួយក្រុមមានគ្នា១២នាក់ ដែលទៅលួចបោះតង់នៅតាមកោះ ដើម្បីនេសាទត្រីខុសច្បាប់ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យ៉ាងហោចណាស់ ក៏មានមនុស្ស១ក្រុមមានគ្នា១២នាក់ប្រើប្រាស់ទូកជិត១០គ្រឿង បាននាំគ្នាវេចអង្ករ ឆ្នាំង ចាន ធ្វើដំណើរចាកចេញពីភូមិ ទៅលួចបោះតង់នៅតាមតំបន់កោះក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង បំណងដើម្បីលួចនេសាទត្រីខុសច្បាប់ក្នុងតំបន់អភិក្ស ប៉ុន្តែត្រូវបានកម្លាំងជលផលសហការជាមួយប៉ុស្តិ៍ និងសហគមនេសាទ ចុះទៅបណ្តេញចេញ នឹងធ្វើកិច្ចសន្យាអប់រំ ដើម្បីបញ្ឈប់សកម្មភាពបែបនេះ រួចក៏ឲ្យវិលត្រឡប់មកផ្ទះវិញ ។

ខាងជំនាញជលផល អាជ្ញាធរ មន្ទីរនិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវការអភិរក្ស ការពារពូជមច្ឆាជាតិ ដែលងាយ និងផុតដាច់ពូជ។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានថ្លែងប្រាប់ថា ៖ កម្លាំងរដ្ឋបាលជលផល សហការជាមួយប៉ុស្តិ៍ និងសហគមននេសាទបានចុះទៅឃាត់មនុស្សទាំង១២នាក់នោះ រួចធ្វើកិច្ចសន្យាអប់រំ ហើយក៏បណ្តេញឲ្យពួកគាត់វិលត្រឡប់មកផ្ទះវិញ ។

លោក ស្រី សមវិចិត្រ បន្តថា ៖ ក្រុមមនុស្សទាំង១២នាក់នោះ ប្រើប្រាស់ប្រាស់ទូកចំនួន៧គ្រឿង និងឧបករណ៍សម្រាប់នេសាទត្រី ប៉ុន្តែពួកគេពុំទាន់បានធ្វើសកម្មនេសាទនៅឡើយទេ ដោយកម្លាំងជំនាញបានចុះទៅអន្តរាគមន៍ទាន់ពេលវេលា ។

លោក ស្រី សមវិចិត្រ បន្តថា នៅឆ្នាំនេះ បើទោះជាមានប្រជាពលរដ្ឋខ្លះបានទៅលួចនេសាទត្រីខុសច្បាប់ក្តី ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីធនធានជលផល រហូតដល់ចាប់ត្រីបានហើយ ពន្លែងទៅវិញថែមទៀត ។ ជាងនេះទៅទៀត ចំពោះបទល្មើសជលផលវិញ គឺមានការថតចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងៗមក ។

នាយខណ្ឌជលផល ក៏បានស្នើប្រជាពលរដ្ឋ សូមកុំនេសាទត្រីខុសច្បាប់ ដែលនាំឲ្យមាមទោសដល់ខ្លួន ដែលជាហេតុធ្វើឲ្យជីវភាព និងក្រុមគ្រួសារ ទទួលរងនូវផលលំបាកបន្ថែមពីលើទៀត ។

សូមបញ្ជាក់ថា រដូវនេះជារដូវបិទនេសាទនៅខេត្តស្ទឹងត្រែង ហាមប្រើប្រាស់ឧបករណ៍នេសាទត្រីគ្រប់ប្រភេទ លើកលែងតែនេសាទត្រីជាលក្ខណៈគ្រួសារហើយប្រើឧបករណ៍នេសាទត្រីត្រឹមត្រូវតាមច្បាប់កំណត់។
សូមបញ្ជាក់ថា ៖ ត្រីប៉ាស៊ីអ៉ី ដែលជាប្រភេទ ត្រីដ៏កម្រ និងមានរសជាតិឆ្ងាញ់ នៅខេត្តស្ទឹងត្រែង មានតម្លៃខ្ពស់នៅលើទីផ្សារ អ្នកនេសាទ អាចលក់បានក្នុងតម្លៃចាប់ពី ៣០ទៅ១៥០ ដុល្លារតាមប្រភេទត្រី តូចនិង ត្រីធំ ក្នុងមួយក្បាល។

ខេត្តស្ទឹងត្រែង ត្រីប៉ាស៊ីអ៊ី ប្រភេទលេខ១ ដែលមានទម្ងន់ចាប់ពី ២គីឡូក្រាម ឡើងទៅ ក្នុងមួយក្បាល១៥០ ដុល្លារ។ ប្រភេទលេខ២ មានទម្ងន់ពី ១គីឡូក្រាម ទៅ២គីឡូក្រាម តម្លៃពី៥០ ទៅ៧០ដុល្លារ និងប្រភេទលេខ៣ ដែលមានទម្ងន់ត្រឹម ១គីឡូក្រាម ចុះថ្លៃ៣០ ដុល្លារ។ តម្លៃនេះបានជួយឲ្យអ្នកនេសាទរកប្រាក់ចំណូលបានច្រើន សម្រាប់ ដោះស្រាយជីវភាពគ្រួសារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print