ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីពេលថ្មីៗនេះ មួយលើកជាពីរលើករួចមកហើយ រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កេត ឃើញមានការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីករណីនៅតំបន់សហគមន៍ភ្នំជម្រកសត្វ ដែលបាន ផ្សាយបំភ្លៃការពិត និងចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន និងផ្នែកមានសមត្ថកិច្ច ហើយមាន ចរិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ តែជាក់ស្តែងគឺពុំពិតដូច្នោះឡើយ។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា ចំពោះរាល់ការចុះ បញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ទាំងរដ្ឋបាលដែនដីគ្រប់ថ្នាក់ មន្ទីរអង្គភាពជំនាញ ផ្នែកមាន សមត្ថកិច្ចសុទ្ធតែបានខិតខំ យកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងនីតិវិធីជាធរមានដើម្បីចុះបញ្ជីដីធ្លី ជូនប្រជាជនជាទូទៅ និងជាប្រយោជន៍ស្របច្បាប់ រួមទាំងការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋ គឺសុទ្ធតែបានអនុវត្តទៅតាមនីតិវិធីជាដំណាក់កាលនីមួយៗ ដោយផ្អែកតាមលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋាន។ ដូច្នេះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីនោះ គឺពុំមានការពាក់ព័ន្ធនឹងដីសហគមន៍ភ្នំ ជម្រកសត្វទេ ព្រោះថាកន្លងមកមនេះក្រុមការងារនៃមន្ទីរជំនាញ បានចុះពិនិត្យ សិក្សា និងផ្ទៀង ផ្ទាត់បន្ស៊ីផែនទីពាក់ព័ន្ធរួចជាស្ថាពរ ហើយការចុះផ្សាយនោះក៏ពុំមានការពិតជាក់ស្តែងផងដែរ។
ដោយឡែកការអនុវត្តនីតិវិធីរបស់ស្ថាប័នមានសមត្ថកិច្ច ជុំវិញការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសជាក់ស្តែងកន្លងទៅនេះ ពុំមានការពាក់ព័ន្ធទៅនឹងករណីនៃការចុះបញ្ជីដីធ្លី សហគមន៍ព្រៃឈើភ្នំជម្រកសត្វ ជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុន លីនវតី ឡើយ។
រដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់វិទ្យុអាស៊ី សេរីនូវព័ត៌មានចោទប្រកាន់ខាងលើនេះ គឺជាការផ្សាយមិនមានភាពជាក់ស្តែង បំផ្លើសបំភ្លៃការពិត ក្នុងន័យដើម្បីកេងចំណេញខាងផលប្រយោជន៍ណាមួយប៉ុណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងគ្រប់បណ្តាញសារព័ត៌មាន ជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕