ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុកឈ្មោះ James Sok Show ដែលមានខ្លឹមសារថា គេកំពុងធ្វើស៊ីដីធ្លីនៅវាលវែងភ្នំ១៥០០។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ៖
១. ផ្លូវអន្ទង់អាំង នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាសក្តានុពលទេសចរណ៍ធម្មជាតិគ្មានពីរ របស់ខេត្តពោធិ៍សាត់ ក៏ដូចព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។
២. ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា “បុប្ផាលាក់ខ្លួន” ហើយការ ប្រសិទ្ធនាមនេះបានធ្វើឱ្យសាធារណៈមតិមានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សជាតិម្នាក់ៗជារៀងរហូតមក។
៣. ផ្តើមចេញពីការគិតគូរអំពីនគរូបនីយកម្ម និងបំណងប្រាថ្នាចង់បានយ៉ាងទទួចរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេស ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត ចាំបាច់ត្រូវធ្វើការអភិរក្ស ការពារ ថែរក្សា និងស្តារគម្របបៃតងឡើងវិញ នៅតំបន់ផ្លូវ អន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ក្នុងគោលដៅបម្រើផលប្រយោជន៍ជាសាធារណៈ តាមរយៈការបង្កើនខ្យល់ត្រជាក់ល្អបរិសុទ្ធដែលមានស្រាប់ និងផ្ទាំងទស្សនីយភាពគ្មានពីររបស់ខេត្ត។
៤. បុគ្គល ថៃ ថេរាគុណ និងបុគ្គលខិលខូចមួយចំនួនទៀតមិនបានប្រើប្រាស់នូវគំនិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយឡើយ ដោយធ្វើការឃុបឃិតគ្នាប្រើប្រាស់ដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងធ្វើការសាងសង់មិនមានលិខិតអនុញ្ញាតដែលល្មើសនីតិបញ្ញត្តិច្បាប់ស្តីពីសំណង់ ហើយនឹងត្រូវប្រឈមចំពោះមុខច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីសំណង់។
៥. ប្រជាពលរដ្ឋមួយចំនួនធំដែលយល់អំពីច្បាប់ និងគុណតម្លៃនៃការថែរក្សា ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញ នៅតំបន់ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន បានស្ម័គ្រចិត្តប្រគល់ទីតាំងដែលបានអាស្រ័យផលជូនរដ្ឋបាលខេត្តពោធិ៍សាត់ និងទទួលយក ទីតាំងថ្មីដែលរដ្ឋបាលខេត្តប្រគល់ជូន ហើយបាននិងកំពុងដំណើរការរៀបចំផ្លូវ ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាអាទិភាព ដទៃទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមកនៅលើទីតាំងថ្មីនេះ រស់នៅប្រកបដោយសុខសុវត្ថិភាព មោទនភាព និងប្រកបមុខរបរ តាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបានសមរម្យ។ ៦. រដ្ឋបាលខេត្តពោធិ៍សាត់ នៅតែបន្តធ្វើការអប់រំចំពោះអ្នកដែលមិនទាន់បានស្ម័គ្រចិត្តប្រគល់ទីតាំងជូនរដ្ឋបាលខេត្ត ពោធិ៍សាត់ដើម្បីឱ្យបានយល់ និងដោះស្រាយដោយសន្តិវិធី និងការគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ។
៧. ទីតាំងតំបន់ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ដែលរដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការអភិរក្ស និងស្តារគម្របបៃតងឡើង វិញនេះ ពិតជាសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ហើយបច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងធ្វើការដាំដើមឈើអមសងខាង ផ្លូវជាបណ្តើរៗ មិនដូចការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ James Sok Shows ដែលមានខ្លឹមសារថា គេកំពុងធ្វើស៊ីដី ធ្លីនៅវាលវែងភ្នំ១៥០០នោះឡើយ ហើយរដ្ឋបាលខេត្តពោធិ៍សាត់សូមធ្វើការបដិសេធចំពោះការផ្សាយញុះញង់ បំភ្លើសការពិត និងចោទប្រកាន់ មូលបង្កាច់រដ្ឋបាលខេត្តដោយខ្វះវិចារណញ្ញាណ និងគ្មានទស្សនជាជាតិខ្មែរដែលមានប្រពៃណីដ៏ល្អផូផង់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕