ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ គូសបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងខេត្តក្រចេះ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ នៅមន្ទីរសុខាភិបាលខេត្តក្រចេះ ។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖
ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
លោក ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងខេត្តជាប់ខេត្តក្រចេះដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕