ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ឱកាសនោះលោកទេសរដ្ឋមន្រ្តី បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទីតាំងដីសម្បទានដែលរាជរដ្ឋាភិបាលបានផ្តល់ជូនបន្ថែមសម្រាប់បន្តសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត។ លោកនាយឧត្តមសេនីយ៍បានសម្តែងនូវការកោតសរសើរជូនចំពោះបងប្អូនអតីតយុទ្ធជនដែលបានខិតខំដាំដុះដំណាំ ចិញ្ចឹមសត្វ និងប្រកបរបររកស៊ីផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាព រស់នៅឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទេសរដ្ឋមន្រ្តី បានណែនាំឱ្យសមាគមអតីតយុទ្ធជនខេត្ត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចំពោះអតីតយុទ្ធជន ដែលបានទទួលផ្ទះ ហើយមិនបានមករស់នៅជាអចិន្រ្តៃយ៍ ដើម្បីចាត់វិធានការដកហូតទុកប្រគល់ជូនបងប្អូនអតីតយុទ្ធជនដែលក្រីក្រលំបាក និងមិនមានជម្រកស្នាក់នៅសមរម្យ។
នាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី បានថ្លែង អំណរគុណ និងកោតសរសើរជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានខិតខំដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់អាងទឹក អគ្គិសនី ប្រព័ន្ធទឹកស្អាត សម្រាប់ផ្តល់ជូនអតីតយុទ្ធជន៕