តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង០៣នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង០៣នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

 អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងមួយក្រុម មានគ្នាចំនួន ០៧នាក់ បានធ្វើសកម្មភាពព្រួតគ្នាប្រើដៃ និងខ្សែក្រវ៉ាត់ វាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលចេញឈាមផ្នែកខាង ក្រោយចំនួន ០២ កន្លែង នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលនោះកម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋាន អន្តរាគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ ១-ឈ្មោះ ទឹម ប្រុសម៉ន ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ផាន សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង០៣នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តចំណុចស្ថានីយ៍ ប្រេងឥន្ធនៈភីធីធី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print