អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ នៅវិមានសភាប្រជាជនចិននៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួនសន្ទនាជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានថ្លែងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងប្រទេសចិននិងប៉េរូ រីករាយរួមជាមួយភាគីប៉េរូដើម្បីពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពស៊ីជម្រៅ ជំរុញការរៀនសូត្រពីគ្នាខាងអរិយធម៌ បង្កើនការសម្របសម្រួលនិងកិច្ចសហការនៃពហុភាគី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងប៉េរូឆ្ពោះទៅកាន់កម្រិតថ្មីមួយទៀតដោយឥតឈប់ឈរ។
លោកបានបន្តថា ភាគីចិនគាំទ្រយ៉ាងសកម្មដល់ប៉េរូក្នុងការរៀបចំឱ្យបានល្អនូវកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៤ គាំពារដល់ទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការនៃអាស៊ី-ប៉ាស៊ីហ្វិក។ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិននិងប៉េរូរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាមេរិកឡាទីននិងការ៉ាបៀនក្នុងនោះរួមទាំងប្រទេសប៉េរូផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទូទៅរបស់ចិននិងបណ្តាប្រទេសអាមេរិកឡាទីននិងការ៉ាបៀន កសាងសហគមន៍វាសនារួមរវាងប្រទេសចិននិងបណ្តាប្រទេសអាមេរិកឡាទីនការ៉ាបៀន។
ជាការឆ្លើយតប លោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូបានថ្លែងថា ភាគីប៉េរូរំពឹងរួមធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីចិនដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ភាគីប៉េរូគាំទ្រគំនិតផ្តួចផ្តើមសកលទាំងអស់ដែលលើកឡើងដោយលោក Xi Jinping ហើយរីករាយរួមជាមួយភាគីចិន ដើម្បីបង្កើនការសម្របសម្រួលនិងសហការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាដើម រួមគ្នាគាំពារពហុភាគីនិយមជំរុញសេដ្ឋកិច្ចពិភពលោកមានលក្ខណៈបើកចំហឱ្យអភិវឌ្ឍទៅមុខ៕