ភ្នំពេញ ៖ សហភាព ពលកម្មជាតិកម្ពុជា ស្នើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពន្លឿនបើកការស៊ើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)។ ការស្នើនេះ តាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងអោយកម្មករនិយោជិតជាង៧០០០០នាក់ មកពីគ្រប់វិស័យ សូមគោរពជម្រាបជម្រាបជូន លោកអភិសន្តិបណ្ឌិត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤អង្គការមជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់) បានចេញរបាយការណ៍ដែលមានចំណងជើងថា” របាយ ការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្តីពីសេរីភាពសហជីព ក្នុងប្រទេសកម្ពុជា” មានចំនួន១២ទំព័រ និងសេចក្តីថ្លែង ការស្រាយបំភ្លឺ មិនចុះកាលបរិច្ឆេទ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤មានចំនួន ៤ទំព័រ ជាភាសារខ្មែរ និងភាសារអង្គគ្លេស ដោយឆ្លងកាត់តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់នូវខ្លឹមសារអត្ថបទទាំងពីរខាងលើ យើងខ្ញុំទាំងអស់គ្នាមើលឃើញថា អង្គការសង់ត្រាល់ បានញុះញុង អោយមានការរើសអើង លាបពណ៍នាំអោយ មានការ បែកបាក់ធ្ងន់ធ្ងរ ។
របាយការណ៍ របស់អង្គការសង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ផលិតស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ។ តែផ្ទុយទៅវិញរបាយការណ៍នេះបានបង្ហាញអំពី ចរិកនយោបាយ បន្ទុចបង្អាក់ បង្កាច់បង្អួច បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាប់បញ្ជាប្ររទេសម្ចាស់ជំនួយ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមលោកអភិសន្តិបណ្ឌិត មេត្តាពន្លឿនបើកការស៊ើបអង្កេត ចំណាត់ការផ្លូវច្បាប់លើ អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)ដោយក្ដីអនុគ្រោះ។ សូមលោមអភិសន្តិបណ្ឌិត មេត្តាទទួលគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ៕