ទិដ្ឋភាពក្រុងកំពត នៅថ្ងៃនេះ ! មានភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្តនៅតាមបណ្ដោយដងព្រែកកំពត

ចែករំលែក៖

ខេត្តកំពត ៖ ទិដ្ឋភាពក្រុងកំពត នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីថុនា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្តនៅតាមបណ្ដោយដងព្រែកកំពត និងត្រង់ចំណុចរូបសំណាកសេះសមុទ្របាញ់ទឹក។
អាជ្ញាធរ សមត្ថកិច្ច សូមជូនពរភ្ញៀវទេសចរទាំងអស់ ដែលបានមកលេងកម្សាន្តនៅក្នុងទឹកដីខេត្តកំពតនាពេលចុងសប្តាហ៍នេះ សូមធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ថា ៖ កំពត ជាខេត្តទេសចរណ៍មាត់សមុទ្រដ៏ពេញនិយមបំផុតនៅកម្ពុជា។
ជាតំបន់ខ្ពង់រាបដែលស្ថិតនៅប៉ែកខាងត្បួងនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ កំពតមានទីក្រុងឈ្មោះថាក្រុងកំពត បច្ចុប្បន្នខេត្តកំពតបានក្លាយជាខេត្តដែលមានប្រជាប្រិយភាពខ្លាំងមួយសម្រាប់ប្រជាជនខ្មែរទូទៅ។
រៀបគម្រោងដើរលេងហើយឬនៅ? បើបានមកកំពត កុំភ្លេចចូលលេងកន្លែងទាំង ១៥នេះផង ដែលកន្លែងនីមួយៗសុទ្ធសឹងតែជាគោលដៅដ៏គួរអោយចាប់អារម្មណ៍បំផុត មកកម្សាន្ត !

ទី១-ឆ្នេរកោះស្មៅ ៖ ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។  ឆ្នេរនេះមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ដែលយើងអាចអង្គុយញុំាអាហារបណ្តើរ មើលថ្ងៃលិចបណ្តើរ ពិតជាស្រស់ស្រាយណាស់។
ទី២-រង្វង់មូលទុរេន ៖ បើបានមកកំពត កុំភ្លេចចូលថតរូបនៅ រង្វង់មូលទុរេនផង។ ទីនេះជារង្វង់មូលតំណាងអោយខេត្តកំពត ដែលភ្ញៀវទេសចរតែងតែចូលថតរូបលេងមិនសូវខាន។
ទី៣-មាត់ព្រែក ៖ មាត់ព្រែកកំពត ជាកន្លែងលំហែកាយដ៏ពេញនិយមបំផុតសម្រាប់អ្នកខេត្តកំពត និងភ្ញៀវទេសចរមកពីបណ្តាខេត្តដទៃទៀត។ ជារៀងរាល់ល្ងាច គេសង្កេតឃើញមានមនុស្សច្រើនកុះករនៅតាមបណ្តោយមាត់ព្រែក ខ្លះដើរហាត់ប្រាណ ជជែកគ្នាលេង និងអង្គុយលំហែកាយ មើលថ្ងៃលិចដ៏ស្រស់ស្អាត។
ទី៤-ភ្នំឈ្ងោក ៖ ជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ សម្រាប់អ្នកចូលចិត្តស្វែងយល់ពីរូងភ្នំបុរាណបែបប្រវត្តិសាស្រ្ត អាចសាកល្បងមកទីនេះបាន។ យើងអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។
ទី៥- ទំនប់ម្លេច ៖ នៅក្រុងយូរៗ មានអារម្មណ៍ធុញថប់ ចង់ដូរបរិយាកាស មកលំហែកាយបែបជនបទ អ្នកទាំងអស់គ្នាអាចមក ទំនប់ម្លេចបាន។ ទំនប់នេះ ត្រូវបានកសាងឡើង ក្នុងសម័យខ្មែរក្រហម មានចម្ងាយត្រឹមតែ ៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ទី៦-ទឹកធ្លាក់វាលពួច ៖ អ្នកណាខ្លះចូលចិត្តដើរផ្សងព្រេងទៅលេងទឹកធ្លាក់ក្នុងព្រៃ? ទឹកធ្លាក់វាលពួច  ជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តលេងទឹក ដើរបោះតង់បែបផ្សងព្រេងលក្ខណៈជាក្រុម។
ទី៧-ទឹកឈូ ៖ ជឿថាភ្ញៀវទេសចរភាគច្រើន ច្បាស់ជាស្គាល់រមណីយដ្ឋានដ៏ល្បីប្រចាំខេត្តកំពតនេះហើយ។ ទឹកឈូជារមណីយដ្ឋានដែលមានវ័យចំណាស់ និងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។
ទី៨-សហគមន៍នេសាទត្រពាំងសង្កែ ៖ ចង់ជិះទូក ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះ និងជីវិតបែបសហគមន៍ អាចមកកាន់ សហគមន៍នេសាទត្រពាំងសង្កែបាន។ នៅទីនេះ អ្នកទាំងអស់គ្នាអាចគយគន់ទេសភាពដើមកោងកាងពណ៌ខៀវស្រងាត់ ដុះលាតសន្ធឹករាប់សិបហិកតា ក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមួយ។
ទី៩-ស្រែអំបិល ៖ ធ្វើម្ហូបនៅផ្ទះ ប្រើអំបិលរាល់ថ្ងៃ ចង់ដឹងថាគេផលិតអំបិលរបៀបណា អាចមកស្រែអំបិលបាន។  ក្រៅពីជាកន្លែងផលិតអំបិល ទីនេះក៏ជាតំបន់ទេសចរណ៍ដែលគេចូលចិត្តជិះមកលំហែកាយនាពេលល្ងាចផងដែរ។
ទី១០-ភូមិក្តាត ៖ ភូមិនេះគឺ ជាទីកន្លែងមួយដែលមានសក្តានុពលដ៏ច្រើនសម្បូរបែប ព្រោះមានទីតាំងស្ថិតនៅក្បែរសមុទ្រ មានទេសភាពភ្នំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត រួមទាំងគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។
ទី១១-ដូងទេរ ៖ ចង់ទៅលេងឆ្នេរជាប់មាត់ទឹក មានទេសភាពភ្នំ អាចមករមណីយដ្ឋានដូងទេរបាន។ ទឹកនៅទីនេះមានសភាពថ្លាឆ្លុះដល់បាត អាចហែលលេងកម្សាន្តបាន និងមានកីឡាលើទឹកជាច្រើនប្រភេទផងដែរ។
ទី-១២ ចំការម្រេច ៖ ម្រេចកំពត ជាផលិតផលដ៏ល្បីមួយដែលគេទទួលស្គាល់ជាលក្ខណៈពិភពលោក។ តើអ្នកទាំងអស់គ្នាចង់ទៅទស្សនាចំការម្រេចដែរឬទេ? នៅទីនេះ យើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណាន រៀនធ្វើម្ហូប និងអាចជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា និងសកម្មភាពកម្សាន្តជាច្រើនទៀត។
ទី១៣-បូកគោ ៖ ភ្នំបូកគោ ជារមណីយដ្ឋានដ៏សំខាន់មួយក្នុងខេត្តកំពត ព្រោះនៅលើភ្នំនេះសម្បូរដោយទីតាំងទេសចរណ៍ជាច្រើនកន្លែង ទាំងសំណង់អគារសម័យបារាំង វត្តអារាម វិហារកាតូលិក ទឹកធ្លាក់ និងទីតាំងជាច្រើនទៀត។
ទី១៤-ល្អាងភ្នំកំពង់ត្រាច ៖ រមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន មានទីតាំងស្ថិតនៅភាគខាងកើតនៃក្រុងកំពត ក្នុងស្រុកកំពង់ត្រាច។ គុហាជាច្រើនត្រូវបានរកឃើញនៅ ទីនេះ ដូចជាល្អាងស្ការហនុមាន រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុងជាដើម។

ទី១៥-ល្អាងភ្នំទឹក ៖ ក្រៅពីល្អាងភ្នំកំពង់ត្រាច ល្អាងភ្នំទឹកគឺជារមណីយដ្ឋានដ៏អស្ចារ្យមួយដែលអ្នកមិនគួរមើលរំលង។ ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្ម រួចបន្តដំណើរដោយថ្មើរជើងចូលទៅល្អាងខាងក្នុង១ដំណាក់កាលទៀត។
អ្នកប្រកបរបររកស៊ីលើវិស័យទេសចរណ៍ក្នុងខេត្តកំពត បានលើកឡើងថា ដំណើរការអាជីវកម្មរបស់ពួកគេមានភាពល្អប្រសើរ រីកចម្រើនទៅមុខជាលំដាប់ ខណៈខេត្តកំពតមានការរីកចម្រើន ប្រែមុខមាត់ថ្មី គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

វិស័យផ្សេងៗនៅក្នុងខេត្ត ពិសេសវិស័យទេសចរណ៍ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យគាត់សម្គាល់ ធ្វើឱ្យកំណើនភ្ញៀវជាតិ និងអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការកែលម្អសោភ័ណភាពក្រុង និងការបង្កើតសមទ្ធិផលថ្មីៗគួរឱ្យទាក់ទាញជាច្រើន ដូចជា ការរៀបចំទីតាំងចំណតទូកទេសចរណ៍នៅឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី និងស្ពានឥន្ទធនូ សួនកម្សាន្តរូបសំណាកត្រីសេះសមុទ្របាញ់ទឹក កែលម្អសួនច្បារ និងផ្លូវតាមបណ្តោយមាត់ព្រែក(សួនត្រីផ្សោត) រួមទាំងឆ្នេខ្សាចកម្សាន្តកោះស្មៅ ជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរណ៍ដែលបានទៅលេងកម្សាន្តក្នុងខេត្តកំពត ក៏បានលើកឡើងពីភាពរីកចម្រើន របស់ខេត្តកំពតផងដែរ។
សូមបញ្ជាក់ថា ៖ ខេត្តកំពតមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាក់ទាញសរុប ៣៩កន្លែង និងមានសេវាស្នាក់នៅគ្រប់កម្រិតជាង ៥ពាន់បន្ទប់។ កាលពីពិធីចូលឆ្នាំថ្មីរយៈពេលបួនថ្ងៃកន្លងទៅ ខេត្តកំពតមានភ្ញៀវមកសម្រាកកម្សាន្ត ប្រមាណជាង ១លាននាក់ បានធ្វើឱ្យបន្ទប់ស្នាក់នៅក្នុងខេត្តកំពតភ្ញៀវបានកក់ពេញទាំងអស់គ្មានសល់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print