ភ្នំពេញ ៖ សេចក្តីបំភ្លឺរបស់ អធិការដ្ឋាននគរបាលស្រុកស្នួល ពាក់ព័ន្ធនឹង គណនីហ្វេសប៊ុក ឈ្មោះ បញ្ញា ស្រុកស្នួល ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា៖ “កម្មករជៀរជ័រ នៅក្រុមហ៊ុន សុវណ្ណរាជសីហ៏ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កម្មករបានយកជ័រ ១៦គីឡូក្រាម ចាប់គាត់ដាក់ គុក សូមឲ្យបងប្អូនជួយស៊ែរ ឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកយុត្តិធម៌ផង។”
អធិការដ្ឋាននគរបាលស្រុកស្នួល សូមធ្វើការបកស្រាយ និង បំភ្លឺជូនសាធារណៈជនទាំងអស់ឲ្យ បានជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤.៣០នាទីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានទទួលបណ្ដឹងរាយការណ៏ពីឈ្មោះ ហ្វាង អាញ់ទូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ(ជាតំណាងក្រុមហ៊ុនចំការកៅស៊ូសុវណ្ណរាជសីហ៍) ថា៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលា ម៉ោង១៣.៣០នាទី រូបខ្លួន និង សន្តិសុខក្រុមហ៊ុន បានដើរពិនិត្យមើលតាមឡូត៏កៅស៊ូក្នុងក្រុមហ៊ុន បានប្រទះ ឃើញឈ្មោះ ស៊ាន គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ (ជាកម្មករក្រុមហ៊ុន) បានដើរលួចជ័រកៅស៊ូ របស់ ក្រុមហ៊ុន ឃើញដូចនេះរូបខ្លួន និង សន្តិសុខក្រុមហ៊ុនក៏បានចាប់ឃាត់ឈ្មោះ ស៊ាន គឹមសាន រួមទាំងវត្ថុ តាង៖ ជ័រមួយចំនួន រួចប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានបណ្ដឹងរាយការណ៏ខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ាន គឹមសាន រួមទាំង សំភារៈ-វត្ថុតាងរួមមាន៖ជ័រមួយចំនួនទម្ងន់ប្រហែល២០គីឡូក្រាមនិងទូរស័ព្ទ០១គ្រឿង ម៉ាកOPPOពណ៌ខៀវ។ ក្រោយពីការសាកសួរ ជនសង្ស័យឈ្មោះ ស៊ាន គឹមសាន បានឆ្លើយសារភាពថា៖ កន្លងមក រូបខ្លួនធ្លាប់បានធ្វើសកម្មភាពលួចជ័រក្នុងក្រុមហ៊ុនម្តងរួចមកហើយ។ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៣.៣០នាទី រូបខ្លួនបានធ្វើសកម្មភាពលួចយកជ័រកៅស៊ូរបស់ក្រុមហ៊ុន០១លើកទៀតបាន ជ័រកៅ ស៊ូចំនួនប្រហែល២០គីឡូក្រាម ហើយត្រូវបានតំណាងក្រុមហ៊ុន និង សន្តិសុខក្រុមហ៊ុន ចាប់ឃាត់រូបខ្លួនបាន ជាក់ស្តែងនៅកន្លែងកើតហេតុ។
ដោយឡែកជនសង្ស័យឈ្មោះ ស៊ាន គឹមសាន ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ បច្ចុប្បន្នឈ្មោះ ស៊ាន គឹមសាន ត្រូវបានចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៣៣៥.ឃ.ខ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៤។
អាស្រ័យដូចបាន បំភ្លឺជូនខាងលើ សូមសាធារណៈជន ក៏ដូចជា បងប្អូនអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន ៕