ខេត្តកំពង់ធំ៖ រមណីយដ្ឋានមាត់ស្ទឹង ព្រៃប្រស់ដែលប្រជាពលរដ្ឋស្គាល់ថាជា ស្ទឹងធម្មជាតិ នោះពេលនេះកំពុងតែរួមតូចដោយសារតែអ្នកមានលុយមានអំណាចមួយចំនួនបានរំលោភចាក់លុបដើម្បីលក់នោះកាត់ជាប្លង់ចែកគ្នាធ្វើជាកម្មសិទ្ធិ រហូតមកដល់ពេលនេះនៅតែបន្តចាក់ដីលុបជាបណ្ដើរៗទៀត ដោយក្រុមរំលោភយកនេះសំអាងលើការអភិវឌ្ឍរបស់សាលាខេត្ត កំពង់ធំដើម្បីគ្រាន់ជាលេសបិទបាំងទង្វើអាក្រក់នៃការលោភលន់របស់ពួកគេក្នុងរូបភាពកែលម្អសោភណភាពស្ទឹងព្រៃប្រស់ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បាន ឲ្យដឹងថា ដីចិញ្ចើមថ្នល់ជាប់ស្ទឺងរមណីយដ្ឋានព្រៃប្រស់នេះឈ្មួញដែលរស់នៅ ភ្នំពេញបានទិញពីលោក សួន ឡុញ អតីត មេឃុំត្បែង រស់នៅភូមិបាគង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ហើយឈ្មួញរូបនេះបានចាក់ដីលុបរំលោភយកមាត់ស្ទឹងព្រៃប្រស់ ដោយពុំមានការហាមឃាត់ពីអាជ្ញាធរខេត្តកំពង់ធំទេ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ធ្លាប់បានអញ្ជើញអ្នកសារព័ត៌មាន និងមន្រ្ដីតាមមន្ទីរពាក់ព័ន្ធទៅប្រជុំនៅសាលាខេត្តកំពង់ធំ ក្នុងប្រធានបទ ការចាក់ដីនៅ រមណីយដ្ឋានស្ទឹងព្រៃប្រស់ ដោយលោក បានបញ្ជាក់ថា ទីតាំងរមណីយដ្ឋានស្ទឹងព្រៃប្រស់នេះបើចាក់ដីសម្រាប់ធ្វើជាតូប លក់នៅតាមចិញ្ចើមមាត់ស្ទឹងគឺមិនអនុញ្ញាតឲ្យចាក់ជាដាច់ខាត តែបើសិនជាការចាក់ដីតាមសំណើរបស់លោក លឹម ហេង ដែល អះអាងថា មានក្រុមហ៊ុនចិនមកវិនិយោគ បង្កើតតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិដោយមានអាហារ ដ្ឋាន មានល្បែងកម្សាន្តសម្រាប់បម្រើសេវា កម្មទេសចរណ៍ ដូចបឹងសំរឹទ្ធសម្រាប់ទាក់ទាញភ្ញៀវទេសចរធ្វើឲ្យប្រជាពលរដ្ឋនៅ ទីនោះមានការងារធ្វើទើបខេត្តពិចារណាឬឲ្យចាក់ដីបាន ។
លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោ ដីបានឲ្យដឹងថា ពាក់ព័ន្ឋនឹងការចាក់ដីលុបចំណីស្ទឹងព្រៃប្រស់លោកពុំបានទទួលលិខិតសុំច្បាប់អនុញ្ញាតពីក្រុមអ្នកចាក់ដីនោះទេគឺការងារអ្វីៗគេទាក់ទងទៅតែខេត្តទាំងអស់ គេមិនដែលទាក់ទងមកអង្គភាពលោកទេតែលោកនឹងឲ្យមន្រ្តីរបស់លោកចុះទៅពិនិត្យមើលទីតាំងចាក់ដីនេះ តើមានពាក់ព័ន្ឋនឹង ច្បាប់អនុញ្ញាតដែរឬអត់?
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មិនអាចសុំការបំភ្លីក្នុងករណី ឈ្មួញចាក់ដីលុបចំណីស្ទឹងព្រៃប្រស់នេះបានទេ ដោយសារតែទូរស័ព្ទចូលហើយពុំមានអ្នកទទួល កាលពីវេលាម៉ោង១និង៤៦នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ។ យ៉ាងណា ក៏ដោយករណីចាក់ដីនេះគេសង្ស័យថា ពុំមានច្បាប់អនុញ្ញាតនោះទេ គ្រាន់តែឃើញ អ្នកសារព័ត៌មានចុះទៅថតយករូបភាពក្រុមឈ្មួញបាននាំគ្នាដកគ្រឿងចក្រគេចចេញ អស់ពីទីតាំងចាក់ដីតែម្ដង ៕
ដោយ៖ ប៊ុន រិទ្ធី