ភ្នំពេញ ៖ យុវជនម្នាក់ចេញពីក្លឹបត្រូវបានជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់២គ្រាប់ប្លន់យកម៉ូតូMSXបានសម្រេចភ្លាមនោះក៏មានសមត្ថកិច្ចម្នាក់ដែលយាមនៅក្លឹបចេញមកបាញ់តបវិញចំនួន៣គ្រាប់តែមិនត្រូវធ្វើអោយជនសង្ស័យភ័យរត់គេចខ្លួនបាត់ដោយសុវត្តិភាពតែបែរជាកម្លាំងបន្តដេញតាមទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី២៨ ខែកក្កដាឆ្នាំ២០១៦ នៅចំណុចក្លឹបវ៉ាវ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ មេន ពិសិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតខេត្តកណ្តាល ហើយម៉ូតូដែលជនសង្ស័យប្លន់ម៉ាកMSX ពណ៍សពាក់ស្លាកលេខភ្នំពេញ1AS8758។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានចេញពីរាំលេងក្នុងក្លឹបវ៉ាវ ខណះជិះម៉ូតូមកដល់ខាងមុខក្លឹប ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូស្មាស់មួយគ្រឿងមិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកបានមកឈប់ក្បែរហើយដកកាំភ្លើងពីចង្កេះបាញ់២គ្រាប់ដើម្បីគំរាមជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដែលនៅគោលដៅប្រចាំការក្លឹបនោះចេញមកទាន់ដកកាំភ្លើងបាញ់តបតវិញចំនួន៣គ្រាប់ទៀតតែមិនត្រូវធ្វើអោយជនសង្ស័យភ័យយកម៉ូតូគេចខ្លួនបាត់។ មួយសន្ទុះក្រោយមកក៏មានកម្លាំងនគរបាលចុះមកដល់ចំណុចកើតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៕
ដោយ៖ សុខាសែនជ័យ