ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដេញតាមបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់បានភ្លាមៗ ក្រោយឆក់ទូរស័ព្ទដៃជនបរទេស នៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤៥នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ១៣ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងជំនាញប្រទះឃេីញជនសង្ស័យ ចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ (ឡេីងសេរីឆ្នាំ២០២០) ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ KIM SOLBIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិកូរ៉េ បច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ Onederz Phnom Penh ដែលកំពុងធ្វើដំណើរឆ្លងផ្លូវ បានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបាននៅត្រង់ចំណុចផ្លូវសុធារស់(០៣) ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៖
ទី១៖ ជនសង្ស័យឈ្មោះ គួក ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២ ជនសង្ស័យឈ្មោះ មុំា ប្រុសវ័ន្ត ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិព្រែថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារដកហូតមាន ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 (របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងជនសង្ស័យ ធ្វេីការសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា