សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រិចបាននិងកំពុងទប់ទល់ចំពោះភ្លើងឆេះព្រៃ២កន្លែងនៅក្បែររដ្ឋធានីអាថែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ចំពេលដែលមានខ្យល់បោកបក់ខ្លាំង ប៉ុន្មានម៉ោងបន្ទាប់ពីអាចគ្រប់គ្រងមិនឱ្យរាលដាលចេញតំបន់ភ្នំមួយក្បែររដ្ឋធានី ក៏ដូចជានៅលើកោះមួយនៃសមុទ្រ Aegean។
ស្របពេលដែលអាកាសធាតុក្តៅ និងមានខ្យល់បោកបក់នៅទូទាំងប្រទេសក្រិច ភ្លើងឆេះព្រៃជាច្រើនកន្លែងបានផ្ទុះឡើង កាលពីចុងសប្តាហ៍ ហើយប្រជាជនត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់ព្រៃឈើ។ ក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ គាំទ្រដោយយន្តហោះដឹកទឹកចំនួន២៣គ្រឿង បានប្រឹងប្រែងពន្លត់ភ្លើងឆេះក្នុងតំបន់ដែលមានមនុស្សរស់នៅតិចក្បែរទីក្រុង Keratea ចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងអាថែន។ អាជ្ញាធរ បានបញ្ជាឱ្យមានការជម្លៀសខ្លួន មុនពេលអណ្តាតភ្លើងរាលដល់ផ្ទះប្រជាជន។ ដោយឡែក ភ្លើងឆេះព្រៃមួយកន្លែងទៀតនៅក្នុងសហគមន៍ Stamata ភាគខាងជើងនៃទីក្រុងអាថែន Athens ក៏រងនូវការឆាបឆេះផងដែរ តែមិនទាន់គំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋនៅឡើយទេ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃគឺជារឿងធម្មតាសម្រាប់ក្រិច ប៉ុន្តែកម្រិតនៃការឆាបឆេះ បានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសាររដូវមានលក្ខណៈក្តៅកាន់តែខ្លាំង ស្ងួត និងធ្លាក់ខ្យល់ ដោយអ្នកវិទ្យាសាស្ត្រថា មកពីការប្រែប្រួលអាកាសធាតុ៕ ដោយធីរីណា