ភ្នំពេញ៖ បុរសម្នាក់បានរាយខ្សែភ្លេីងដាក់ជាប់រ៉ឺម៉កការពារខ្លាចចោរលួចនិងខ្លាចសត្វកណ្តុរស៉ីបន្លែ បែរជាឆក់ក្មេងប្រុសម្នាក់ស្លាប់ រួចយកសពទៅបោះចោលហើយគេចខ្លួនអស់រយៈពេល២ថ្ងៃ ពេលនេះចូលខ្លួនមកសារភាពហេីយ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ13ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារលិច ឃុំព្រែកព្នៅ ស្រុកពញាឮខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជយ័ ។
ជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តតបូងឃ្មុំ និងស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បុរសម្នាក់បានរាយខ្សែភ្លេីងចេញពីបន្ទប់ជួលរបស់ខ្លួនមកដាក់ជាប់រ៉ឺម៉កដឹកបន្លែលក់ ការពារខ្លាចចោរលួចរ៉ឺម៉កនិងសត្វកណ្តុរស៉ីបន្លែ ហេីយក៏បានចូលទៅបន្ទប់ជួលសម្រាកបាត់ទៅ។ លុះមកដល់វេលាទៀបភ្លឺថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បុរសខាងលេីក៏ចេញមកយករ៉ឺម៉កបំណងទៅរកទិញបន្លែយកទៅលក់បន្ត ខណៈមកដល់កន្លែងរ៉ឺម៉កស្រាប់តែឃេីញក្មេងប្រុសម្នាក់ត្រូវខ្សែភ្លេីងឆក់ស្លាប់ជាប់នឹងរ៉ឺម៉ក។ បន្ទាប់មកបុរសខាងលេីក៏ដឹកសពក្មេងប្រុសរងគ្រោះយកទៅបោះចោលនៅឯខេត្តកណ្តាល រួចបន្តដំណេីរគេចខ្លួនទៅខេត្តព្រះវិហារបាត់។
ប្រភពដដែលបានបន្តថា លុះភ្លឺឡេីងម្តាយបាត់កូនខំដេីររកមិនឃេីញក៏ប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ រហូតមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បុរសខាងលេីក៏ចូលខ្លួនមកសារភាពទទួលកំហុសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅកន្លែងបោះសពចោលនៅឯខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ