ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបង្កើនថវិកាវិស័យអប់រំតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់អភិវឌ្ឍវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយសមិទ្ធកម្មដើម្បីធានាប្រសិទ្ធភាពការងារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ដើម្បីធានាប្រសិទ្ធភាព រាជរដ្ឋាភិបាល ត្រូវធ្វើការតាមដានត្រួតពិនិត្យ និងមានផែនការច្បាស់លាស់ និងទម្លាក់ថវិកាឱ្យចំទិសដៅចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កាលពីសម័យសង្រ្គាម រាជរដ្ឋាភិបាល បានទម្លាក់ថវិកាទៅក្រសួងការពារជាតិធំ ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ទម្លាក់ថវិកាទៅក្រសួងអប់រំធំ ដោយសាររាជរដ្ឋាភិបាល ត្រូវផ្តោតអាទិភាពធំទៅលើវិស័យអប់រំ ព្រោះធនធានមនុស្សជាកត្តាសំខាន់ជាងអ្វីទាំងអស់ដែលយើងត្រូវធ្វើការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ មានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់សិស្ស និស្សិតរបស់ខ្លួន ខណៈសម័យគេដល់អេអាយហើយ យើងទើបតែចាប់ផ្តើមកុំព្យូទ័រនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ ៕