ភ្នំពេញ ៖លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០២៤ បានបកស្រាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិ ត្រពាំងរំសែង ឃុំត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឱ្យបុរស អាយុ៦៦ឆ្នាំម្នាក់ស្លាប់ដោយខ្ទេចសាកសពទាំងស្រុង។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបង្កឡើង នៅពេលជនរងគ្រោះជីកនរណ្តៅបោះបង្គោលរបងព្រំដីចម្ការរបស់គាត់។ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនិងសូមបួង សួងជូនវិញ្ញានខន្តសពបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ។
លោកហេងរតនា បានលើកឡើងថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គភាពសុីម៉ាក់បានរកឃើញថា ជា គ្រាប់មីនប្រឆាំងយានយន្តប្រភេទT46 សំណល់ពីសង្គ្រាម តំបន់នេះជាផ្លូវចាស់និងជាខ្សែរកប់គ្រាប់មីននិងគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះផងដែរ។
លោកអគ្គនាយកបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះសាធារណៈជន ប្រជាពលដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តត្បូងឃ្មុំ មានជជែកដេញដោលនិងវាយប្រហារថា ការប្រកាសខេត្តត្បូងឃ្មុំថា”ជាខេត្តអស់មីន” ហេតុអ្វីបានជាគ្រាប់មីននៅតែមាននិងសម្លាប់ប្រជាជនទៀត? ខ្ញុំសូមឆ្លៀត ឱកាសនេះ ជម្រាបជូនជ្រាបថា៖ ការប្រកាសថា ភូមិ ឃុំ ស្រុក ខេត្តអស់មីន គឺសំដៅអស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ (anti personnel landmines) ស្ថិតក្រោមអនុសញ្ញាមីនអន្តរជាតិអូតាវ៉ានិងនៅតាមគ្រប់ទីតាំងភូមិសាស្ត្រដែលបានដឹងដោយមានកំណត់ត្រាក្នុងទិន្នន័យជាតិតែប៉ុណ្ណោះ។
មានន័យថា គ្រាប់មីនតោន គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ គ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ ហើយសូម្បីតែគ្រាប់មីនប្រឆាំងមនុស្សដែលស្ថិតនៅរ៉ាយប៉ាយដោយគ្មានព័ត៌មាននិងកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យជាតិនោះក៏គ្មានក្នុងយុទ្ធសាស្ត្រប្រកាសអស់មីននេះដែរ!! “។
សម្តេចធិបតីបានយកចិត្តទុកដាក់បំផុតចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម។ ក្នុងន័យនេះ សម្តេចធិបតីបានបញ្ជាឱ្យអង្គភាពសុីម៉ាក់ កង យោធពលខេមរភូមិន្ទ និងអាជ្ញាធរមីនធ្វើការស្រាវជ្រាវព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយទាំងតំបន់រងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សនិងសំណល់ជាតិផ្ទុះសង្គ្រាមគ្រប់ប្រភេទទាំងអស់ ប្រយោជន៍ដើម្បីជំរុញចលនាបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងអស់ ធានាម្ចាស់ការការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ៕