ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពេលពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនកាន់តែតិចទៅពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនអ្នកស្លាប់កើនតែអ្នកកើតមកវិញមានចំនួនតិចតួចបំផុត។
ប្រទេសកូរ៉េខាងត្បូង បានបង្កើតកម្មវិធីជំរុញឲ្យមនុស្សពេញវ័យឆាប់រៀបការ និងបង្កើតកូនចៅដើម្បីបន្ដពូជពង្ស ខណៈដែលទារកកើតនៅក្នុងប្រទេសនេះថយចុះគួរឲ្យព្រួយបារម្ភ ហើយបើទុកឲ្យមានស្ថានភាពបែបនេះចេះតែបន្ដទៀតនោះកូរ៉េខាងត្បូងក៏នឹងត្រូវផុតពូជពីផែនដី ។
ចំណែកជប៉ុនវិញពលរដ្ឋជាង១ភាគ៤ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុលើសពី៦៥ឆ្នាំ ហើយចំនួនមនុស្សចាស់នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយនៅឆ្នាំ២០៥៥ ពេលនោះចំនួនពលរដ្ឋសរុបនឹងថយចុះពី ១៣០លាននាក់សល់តែ ៩០លាននាក់ប៉ុណ្ណោះ ទាំងនោះជាក្ដីកង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន ។
សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំង ចំណែកចំនួនមនុស្សចាស់បែរជាកើនឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ដល់ឆ្នាំ២០២៥ ជប៉ុននឹងខ្វះគ្រូពេទ្យរហូតដល់ ១លាននាក់រួមទាំងគិលានុបដ្ឋាយិកាដើម្បីមើលថែមនុស្សចាស់ ។ ការជំរុញឲ្យមានជនអន្ដោប្រវេសន៍ចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សាចំនួនពលរដ្ឋឲ្យនៅថេរបាន។
បច្ចុប្បន្នមានតែ២ភាគរយប៉ុណ្ណោះក្នុងប្រទេសជប៉ុនជាជនបរទេសមករស់នៅ។ ចាប់តាំងពីឆ្នាំ២០០៨ មរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមឲ្យគិលានុបដ្ឋាយិកាមើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអ៊ីចឹងដែរ ។ ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសារជប៉ុន។
មកទល់ពេលនេះមានគិលានុបដ្ឋាយិកាបរទេស ៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្ដុះបណ្ដាលហើយអ្នកទាំងនោះត្រូវវិលត្រឡប់ទៅប្រទេសខ្លួនវិញក្រោយបម្រើការងារបាន៣ទៅ៥ឆ្នាំ ។
តាមអ្នកឯកទេសក្នុងរយៈពេល៥០ឆ្នាំខាងមុខជប៉ុនត្រូវការគិលានុបដ្ឋាយិកាដល់ទៅ ១០លាននាក់មកពីបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ ពលរដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែរស់នៅក្នុងប្រទេសជប៉ុនបានយូរអង្វែងទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុនជួយដោះស្រាយរឿងនយោបាយបាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី