ភ្នំពេញ៖ បន្ទាប់ពីបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងកញ្ញាឯកភេទទី៣អស់ជាច្រើនខែមកនោះ ម្ចាស់ជ័យលាភីត្រូវបានរកឃើញហើយក្នុងកម្មវិធីប្រគួតផ្តាច់ព្រ័ត្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងក្លិបកម្សាន្ត GL Lounge អតីតក្លិបកម្សាន្តក្លាស៊ីកក្រោមវត្តមានសិល្បករសិល្បការិនី និងភ្ញៀវជាច្រើននាក់ចូលរួម។
គណកម្មាការដាក់ពិន្ទុមានកញ្ញាប៉ុបពី លោកកុយ ស៊ីឌឿន លោកស៊ីនឌី ដោយម្នាក់ៗបានដាក់ពិន្ទុយ៉ាងផ្ទិតផ្ទង់ហើយសម្រេចរកឃើញបេក្ខភាពជ័យលាភីដាច់គេបីដួងមានសម្រស់គួរឲ្យគយគន់មិនចាញ់នារីពិតប្រាកដឡើយ។ ចំណាត់ថ្នាក់លេខ១បានលើកញ្ញាម៉ានីកា លេខ២កញ្ញាដាវីកា និងចំណាត់ថ្នាក់លេខ៣កញ្ញាជីជីពាក់ស្លាកលេខ៩។
កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជាការលើកទឹកចិត្តដល់ភេទទី៣ឲ្យមានទំនុកចិត្តក្នុងការរស់នៅជាបន្តទៀតដើម្បីបញ្ជៀសការរិះគន់ក្នុងសង្គម ។ នេះបើតាមការបញ្ជាក់របស់លោកគិត សែនពិសិដ្ឋ ជាអគ្គនាយកនៃក្លិបGL។ លោកបានថ្លែងឲ្យដឹងដែរថា ក្លិបកម្សាន្តរបស់លោកបានបង្កើតឡើងរយៈពេល១២ឆ្នាំមកហើយដោយពីមុនមានឈ្មោះថាក្លិបក្លាស៊ីកណាយទើបតែជិត១ឆ្នាំយើងប្តូរឈ្មោះមកវិញ។លោកថា”យើងបានរៀបចំកម្មវិធីនេះដើម្បីឲ្យភេទទី៣មានសមត្ថភាពសម្តែងនិងមានការងារធ្វើដោយលក្ខខណ្ឌនៃការជ្រើសរើសគឺយកផ្នែកសម្រស់និងស្នាដៃក្នុងការសម្តែងនិងមានអត្តចរិកល្អ”។ លោកថា នេះជាការប្រឡងផ្តាច់ព័្រត្រដោយមានបេក្ខជនចំនួន១២រូបបានឆ្លងដល់វគ្គក្តៅនេះហើយចម្រាញ់យក៥រូបរួចប្រឡងយកតែ៣នាក់កំណត់យកលេខ១ដល់លេខ៣ ដែលអ្នកជាប់លេខ១គឺប្រគល់ជូននូវទឹកប្រាក់១លាន២សែនរៀល និងមកុដនិងខ្សែកដែលមានតម្លៃថ្លៃគួរសម។ ចំពោះអ្នកលេខ២ទទួលបានទឹកប្រាក៨០ម៉ឺនរៀល លេខ៣បានទឹកប្រាក់៦០ម៉ឺនរៀល ដោយអ្នកទាំង៣បានទទួលការងារពេញសិទ្ធិក្នុងក្លិបកម្សាន្តយើងដើម្បីមានការងារច្បាស់លាស់ធ្វើ។ ទោះជាយ៉ាងណាចំពោះអ្នកមិនបានជាប់ជ័យលាភីក៏ត្រូវបានជ្រើសរើសអ្នកមានសមត្ថភាពមកបំពេញការងារក្នុងក្លិបផ្ទាល់ដែរឲ្យតែពូកែពោលគឺផ្តល់ឱកាសជូនតែម្តង។ លោកថា នេះជាលើកទី៣ដែលបានរៀបចំឡើងដោយការប្រឡងនេះមានរយៈពេលពីរខែមកហើយ។ ក្លិបយើងនៅតែជ្រើសរើសបវរកញ្ញាភេទទី៣ដដែលនាពេលក្រោយនិងរើសយកតារាModelផ្នែកបុរសជាបន្តទៀតនាពេលខាងមុខផងដែរ។
លោកថា ក្លិបរបស់លោកគិតពីការរៀបចំរូបភាពនេះមកយល់ថា ភេទទី៣ក៏ជាមនុស្សដែលអាចជួយសង្គមយើងបានហើយពេលខ្លះក៏ល្អជាអ្នកមានភេទត្រូវធម្មជាតិដែរ។ លោកមិនចង់ឲ្យមានការរិះគន់រើសអើងគ្នានោះទេ ព្រោះយ៉ាងណាគ្នាក៏មិនចង់ធ្វើបែបនេះព្រោះធម្មជាតិបានកម្រិតមកកុំឲ្យតែធ្វើខុសសង្គមឬងាកទៅប្រព្រឹត្តអំពើមិនល្អគួរឲ្យស្អប់ ប៉ុន្តែពួកគេសុទ្ធតែបានតាំងចិត្តថា ខិតខំធ្វើមនុស្សល្អជួយឪពុកម្តាយជួយសង្គម និងស្រឡាញ់ប្រទេសជាតិដូចពលរដ្ឋទូទៅដែរ៕
ដោយ៖ វឌ្ឍនា