ព្រះមហាក្សត្រ ៖ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា”

ចែករំលែក៖

ខេត្តតាកែវ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ៖ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា” និងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យ សង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ៖“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅ ប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ របស់ យើង ។

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ៖ ខ្ញុំព្រះករុណា ខ្ញុំ សូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការ ជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំង មូល ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋា ភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះ ប្រកបដោយជោគជ័យ ។

ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឱ្យពិធី រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់ វង្សរហូតតទៅ ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ យើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះទសបារមី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រសិទ្ធពរជ័យជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្តបរទេស លោកតា លោកយាយ មាមីង ក្មួយៗ និង បងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print