ខេត្តតាកែវ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ៖ ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី រុក្ខទិវា ៩កក្កដា ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏ស្រស់ បំព្រងនេះ ។ នេះគឺជាលើកទី៤ នៃការប្រារព្ធ ពិធីរុក្ខទិវា” ដែល ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំព្រះករុណា ខ្ញុំ បានមកចូលរួមក្នុងពិធី” រុក្ខទិវា ” នៅ ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា ។ កាលពី ឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី រុក្ខទិវា” នៅខេត្តតាកែវនេះដែរ ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលទៀតថា ៖ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមនាំមកនូវព្រះរាជទានសេចក្តីនឹក រលឹក ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរ បវរមហាប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមាន សុភមង្គលគ្រប់ប្រការតរៀងទៅ ។
តាមរយៈរបាយការណ៍ស្វាគមន៍យ៉ាងក្បោះក្បាយរបស់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តតាកែវ ខ្ញុំព្រះករុណា ខ្ញុំ សូមអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តរួមគ្នាសម្រេច បាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យ កាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណា ខ្ញុំ សូមអរគុណ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ។ ទន្ទឹមនេះដែរការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដើម្បីធានានិរន្តរភាព បរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋា
ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕