ខេត្តតាកែវ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរដែលអាជ្ញាធរជាតិគ្រប់ជាន់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើដោយមានទស្សនៈរួមគឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើគឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិអន្តរជាតិនានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបែបនេះនៅក្នុងឱកាសដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ» នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ រុក្ខទិវា ៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខ-ទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរាជឱកាសដ៏មានតម្លៃស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ៕