ស្លាប់៤នាក់ដោយគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤បានផ្សាយថា ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា ផ្នែកខ្លះនៃប្រទេសអាស៉ីបូព៌ាមួយនេះ បានទទួលរងការធ្លាក់ភ្លៀង ក្នុងកម្រិតដែលជាទូទៅតែងត្រូវបានមើលឃើញ រៀងរាល់២០០ឆ្នាំម្តងប៉ុណ្ណោះ ខណៈក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្សចំនួន៤នាក់បានស្លាប់អំឡុងការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានេះ។

មន្រ្តីមួយរូបនៃទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានប្រាប់ AFP យ៉ាងដូច្នេះថា «តំបន់ចំនួន៣បានមើលឃើញកម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត ហើយលទ្ធភាពនៃកម្រិតខ្ពស់បែបនោះ គឺតែងជួបប្រទះតែរៀងរាល់២០០ឆ្នាំម្តងប៉ុណ្ណោះ»។ តំបន់ទាំង៣ រួមមាន Geumsan នៅខេត្ត Chungcheong ខាងត្បូង, Chupungnyeong នៅខេត្ត Chungcheong ខាងជើង និង Gunsan នៅខេត្ត Jeolla ខាងជើង។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យទឹកក្នុងទន្លេមួយចំនួនហូរឡើងខ្ពស់ផុតពីមាត់ច្រាំង ហើយផ្លូវថ្នល់ជាច្រើនត្រូវបានជន់លិច ខណៈមនុស្ស៤នាក់បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា កាលពីខែកក្កដាឆ្នាំមុន មនុស្សជាង១០នាក់បានស្លាប់នៅកូរ៉េខាងត្បូង ពេលដែលផ្លូវរូងក្រោមដីមួយ ត្រូវបានទឹកជន់លិចលឿនខ្លាំងពេក ជាហេតុធ្វើឱ្យយានយន្តធ្វើដំណើរក្នុងនោះ មិនមានពេលគ្រប់គ្រាន់ដើម្បីចាកចេញ។ ប្រទេសអាស៉ីបូព៌ាមួយនេះ ក៏បានទទួលរងការធ្លាក់ភ្លៀងធ្ងន់ធ្ងរ និងទឹកជំនន់កាលពីឆ្នាំ២០២២ផងដែរ ដោយមានមនុស្សស្លាប់លើសពី១០នាក់៕ ដោយធីរីណា

...

រូប​ថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print