ខេត្តមណ្ឌលគិរី៖ អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨០ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទងនឹងករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០២ក្រុម ក្នុងនោះ មានជនត្រូវចោទចំនួន ១០នាក់ គឺ ១.ឈ្មោះ សុខ ស្រីនាង ភេទស្រី កើតឆ្នាំ២០០៨ (ឃាត់ខ្លួន) ២.ឈ្មោះ រិទ្ធិ តោហ៊ា ហៅកា ភេទប្រុស កើតឆ្នាំ២០០៦ (ឃាត់ខ្លួន) ៣.ឈ្មោះ សុន សំណាង ហៅវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ (ឃាត់ខ្លួន) ៤.ឈ្មោះ នី ស្រីណែន ហៅណាណា ភេទស្រី កើតឆ្នាំ២០០៧ (គេចខ្លួន) ៥.ឈ្មោះ រឺ ដាលក្ខ ភេទស្រី កើតឆ្នាំ២០១០ (គេចខ្លួន) ៦.ឈ្មោះ យួន ស្រីពេជ្រ ភេទស្រី កើតឆ្នាំ២០០៧ (គេចខ្លួន) ៧.ឈ្មោះ ស្រីនីត (គេចខ្លួន) ៨.ឈ្មោះ ចិន ភេទប្រុស (គេចខ្លួន) ៩.ឈ្មោះ បញ្ញា ភេទប្រុស (គេចខ្លួន) ១០.ឈ្មោះ ខ្មៅ ភេទប្រុស (គេចខ្លួន) និងបក្សពួក (គេច ខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបង្គោលអង់តែនវិទ្យុបាយ័ន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បទ ល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី សូមបញ្ជាក់ថា ចំពោះករណីហិង្សាខាងលើនេះ បង្កឡើងដោយ ក្រុមក្មេងទំនើងចំនួន ០២ក្រុម បានណាត់ជួបគ្នានៅចំណុចបង្គោលអង់តែនវិទ្យុបាយ័ន នៅវេលាម៉ោង១២:៤០ នាទី យប់ បន្ទាប់មកបានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួស។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន០៣ នាក់ ១.ឈ្មោះ សុខ ស្រីនាង ភេទស្រី ២.ឈ្មោះ រិទ្ធិ តោហា ហៅកា ភេទប្រុស ៣.ឈ្មោះ សុន សំណាង ហៅវ៉ា ភេទប្រុស ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ដោយឡែកជនត្រូវចោទផ្សេងទៀតដែល បានគេចខ្លួន ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ៖តារា