លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយ លោកនាយកសាលាទូទាំងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលដៅលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹងវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្តល់អនុសាសន៍ ដល់ លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែល បង្រៀននៅ កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ នៅវិទ្យាល័យច្បារអំពៅ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកលោកស្រីចៅសង្កាត់ទាំងប្រាំបីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំបីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូដែលបង្រៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់ ។
បន្ទាប់ពី ស្ដាប់ការលើកឡើង
របស់លោកនាយកសាលានិងគ្រូប្រចាំថ្នាក់ពីបញ្ហាប្រឈមមួយចំនួនដែលកើតមាននៅក្នុងសាលារួចមក លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានទទួលយកសំណើនិងសំណូមពរដើម្បីធ្វើការដោះស្រាយ ។ រួមមាន ការសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលាដោយឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយសង្កាត់ ចុះសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះនិងការពារសុវត្ថិភាពសិស្ស និងឲ្យ មានការរៀបចំជារបាំងចរាចរណ៍ដើម្បីដាក់កាត់ទទឹងផ្លូវពេលសិស្សចេញពីសាលា ។
លោកអភិបាលខណ្ឌបានបន្តថា គណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ សូមយកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំបើមានការសង្ស័យឬឈប់គ្មានហេតុផលសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេគឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលាបើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់រាយការណ៍បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ដើម្បីចាត់វិធាន។
ជាមួយនេះដែរ លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់និងលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន នេះជាការជួយតម្រងទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច ៕ ដោយ៖ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print