លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក សរ សុពុត្រា អតីតអភិបាលរងខេត្តកំពង់ស្ពឺ ជាអភិបាល ថ្មី នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួស លោក ស្វាយ សំអ៊ាង ដែលផ្ទេរទៅកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោក ស្វាយ សំអ៊ាង បានធ្វើរបាយការណ៍សង្ខេប អំពីលទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងរយៈពេលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្ត ជាពិសេសការថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងមូលដ្ឋាន។ 

លោក សរ សុពុត្រា ក៏បានបន្តថ្លែងប្ដេជ្ញាចិត្ត បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ប្រគល់ដោយ លោក អភិសន្តិបណ្ឌិត។ 

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរឯកឧត្តម ស្វាយ សំអ៊ាង ដែលក្នុងរយៈកាលកន្លងមកនេះ បានដឹកនាំនិងសម្របសម្រួលជាមួយតួអង្គ និងភាគីពាក់ព័ន្ធ ក្នុងការថែ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងក្របខណ្ឌខេត្តបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផលនានាជាច្រើន រួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែងទាំងមូល។

លោកអភិសន្តិបណ្ឌិត ក៏បានអបអរសាទរ និងបង្ហាញក្ដីសង្ឃឹមជឿជាក់ថា លោក សរ សុពុត្រា នឹងប្រើប្រាស់សមត្ថភាពនិង បទពិសោធក្នុងការដឹកនាំ ការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍ សមិទ្ធផលនិង ស្នាដៃថ្មីៗបន្ថែមទៀត និងស្នើភាគីពាក់ព័ន្ធក្នុងខេត្តផ្តល់ ការគាំទ្រនិងចូលរួមដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី។ 

ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តថ្មី រួមមាន ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារ។ 

ជាការកត់សម្គាល់ លោកអភិសន្តិបណ្ឌិត បានណែនាំរដ្ឋបាលខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារនិងឱសថ ពិសេសការអប់រំនិងបញ្ចៀសកុំឱ្យកុមារតូចហូបអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយនិងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវាអត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអាជ្ញាធរជាប់ព្រំដែន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print