ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបនេះ លោក តាំង សិទ្ធី (Sith Tee Tan) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក តាំង សិទ្ធី ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីដំណើរការនៃការរៀបចំការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន តាមរយៈការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងអំពី ដំណើរការនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ក៏ដូចជាផែនការសកម្មភាពនានាផងដែរ។ បន្ថែមលើនេះ លោក តាំង សិទ្ធី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីសក្តានុពល និងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាង វិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគ ក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក តាំង សិទ្ធី និងគណៈប្រតិភូ ព្រមទាំង បានអបអរសាទរចំពោះ លោក តាំង សិទ្ធី ដែលត្រូវបានបោះឆ្នោតជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្ម កម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ ផងដែរថា ការរៀបចំឱ្យមាន សភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួល ដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិនរវាងប្រទេសទាំងពីរ ផងដែរ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បី ធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់ វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតប ទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករ ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់នូវជីវភាពរបស់ប្រជាជនកម្ពុជា។
ក្រៅពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏មានសក្តានុពលក្នុងការផ្សារភ្ជាប់ ទៅទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយនឹងបណ្តាប្រទេសជាច្រើន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា ក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលនេះ ក៏ជាឱកាសដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។ សម្តេចធិបតី ក៏បានបញ្ជាក់អំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្តាវិនិយោគិន ដែលកំពុងតែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និង បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ លើវិស័យដែលមានសក្តានុពល សំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក តាំង សិទ្ធី និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕ដោយ៖តារា