ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ជាថ្មីម្តងទៀតលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានជំរុញឲ្យមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាព និងមន្ត្រីគ្រប់ផ្នែកត្រូវរួមគ្នាអនុវត្តការងារឲ្យបានប្រសើរឡើងថែមទៀតដើម្បីបម្រើឲ្យប្រជាពលរដ្ឋ ។
ប្រសាសន៍ជំរុញឲ្យមន្ត្រីគ្រប់ការិយាល័យរួមគ្នាពង្រឹងគុណភាពការងារនេះបានលើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក អ៊ាង ស៉ផាន អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រីជាចៅសង្កាត់ មន្ត្រីជំនាញគ្រប់ការិយាល័យ ។
ក្នុងកិច្ចប្រជុំនេះដែរលោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌបានឡើងអានរបាយការណ៍ស្តីពី ការអនុវត្តផែនការសកម្មភាពក្នុងខែកក្កដាកន្លងទៅ ឲ្យក្រុមប្រឹក្សាស្តាប់និងធ្វើការពិចារណានូវចំនុចអវិជ្ជមានរបស់មន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពដើម្បីបញ្ចេញមតិក៏ដូចជាសំណូមពរឲ្យរដ្ឋបាលខណ្ឌដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។
បន្ទាប់ស្តាប់របាយការណ៍រួចមកសមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ពុំមានមតិយោបល់ដើម្បីស្នើឲ្យគណៈអភិបាលបំពេញនូវចំនុចខ្វះខាតនោះឡើយ ។ ជាមួយនឹងលទ្ធការងារប្រចាំខែមានលទ្ធផលល្អប្រសើរ លោកអ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសម្តែងការពេញចិត្ត និងជម្រុញឲ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ដើម្បីបម្រើសេវាកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពការងារនៅក្នុងរដ្ឋបាលខណ្ឌច្បារអំពៅ ៕
ដោយ៖ សណ្តោស