ខេត្តត្បូងឃ្មុំ៖ រថយន្តធុនធំ៣គ្រឿងបានបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល រីឯរថយន្តធំទាំង៣គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ ៧២និងលេខ៧៣ ត្រង់ចំណុចមុខការាសសាំងឈ្មោះ ធី មានហេង ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវ ពាក់ស្លាកលេខ កំពង់ធំ 3A-3949 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងទៀតធ្វើឱ្យបុករថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ3C-0931 ចំពីចំហៀងខាងឆ្វេង ដែលកំពុងបើកបរពីត្បូងមកជើង ហើយរថយន្តបង្កដដែលបានបន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ដឹកជី ពាក់ស្លាកលេខ កំពង់ចាម 3A-6317 ដែលបើកបរពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ ចំពីមុខពេញទំហឹងគាបជាប់អ្នកបើកបរម្នាក់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអូររាំងឪបានឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត២គ្រឿង បានបុកគ្នាក្នុងដំណើរច្រាសទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3949 សឺមីរ៉ឺម៉កពាក់ស្លាកលេខ កំពង់ចាម 4A-1480 (ដឹកស្រូវ )បើកបរដោយឈ្មោះ ទុយ ចាន់ដារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-0931 សឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-5774 (ដឹកស៊ីម៉ង់ត៍) បើកបរដោយឈ្មោះ អាំ នឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (គ្មានរបួស) និងបង្កជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ស្លាកលេខ កំពង់ចាម 3A-6317 សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0894 (ដឹកជី)បើកបរដោយឈ្មោះ ថុល ឃ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសស្រាល) ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ។ ចំពោះករណីនេះបណ្តាលមកពីអ្នកបើកបរ(ងងុយដេក) ។ ចំពោះវត្ថុតាងរថយន្តចំនួន៣គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ជ្រោយពេជ្រ