ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចផ្លោះរបងចូលក្នុងភោជនីយដ្ឋានកូនតី ដែលម្ចាស់ចាក់សោទុកចោល លួចទ្រព្យសម្បត្តិ កាលពីម៉ោង២និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងនៅផ្ទះលេខ២៤A ផ្លូវលេខ៥៧៤ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១១ និងថ្ងៃទី១២ ជនសង្ស័យទាំង២នាក់បានផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅក្នុងភោជនីយដ្ឋានខាងលើ លុះដល់វេលារំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលទៅធ្វើសកម្មភាពម្តងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។
ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ សរ សុវណ្ណឧត្តម ហៅ អាង៉ោល អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ប៉ុក ផានិត ហៅ និត អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សំភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន ដង្កាប់សម្រាប់កាត់ខ្សែភ្លើង១ ,កន្ត្រៃ១ ,ទួណឺវិស១ ,ពិលសម្រាប់បំភ្លឺ១ ,សោររាងជាអក្សរY មានលេខ៨,៩និងលេខ១០ ។
ចំណែកជនរងគ្រោះ ម្ចាស់ទីតាំងឈ្មោះ កែវ កានីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ០៨B ផ្លូវ៧៧៧ ភូមិវត្តទួល សង្កាត់ទួលសង្កែរ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារ:បាត់បង់មាន ៖ ព្យាណូចំនួន០១ ,ធុងបាស់ចំនួន២ ,កន្ទុយម៉ាស៊ីនត្រជាក់ចំនួន១ ,ទូរទស្សន៍ម៉ាកSHARP ចំនួន១ ,ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ។
បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្វនាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ជ្រោយពេជ្រ