ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះទប់ស្កាត់ការចូលទៅអាស្រ័យផលដីតំបន់៣ ។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់៣ នៅក្នុងស្រុកកំពង់ស្វាយ លោក នួន ផារ័ត្ន ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ លោកបានហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។
ក្នុងនោះ លោក នួន ផារ័ត្ន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀលក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាពផងដែរ។
ឆ្លៀតឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនដល់កងកម្លាំងដែលប្រចាំនៅគណៈបញ្ជាការស្រាលផងដែរ។
ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដីតំបន់៣នេះ ស្ថិតនៅតំបន់ (ខ្វាក់ទោច ខ្វាក់ធំ) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែបច្ចុប្បន្ននេះ ជនខិលខូចកំពុងតែរំលោភបំពានយកដីធ្វើស្រែប្រាំង៕